ភ្នំពេញ៖ ទារិកាម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញក្នុងគំនរសំរាមទាំងនៅមានជីវិត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកដែលរើសបានទារិកាមានឈ្មោះ ស្រី ម៉ាច អាយុ២៣ឆ្នាំ ស្នាក់នៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ
ភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ទារិកាដែលឪពុកឬម្តាយគ្មានធម៌មេត្តាយកមកបោះចោលនៅក្នុងគំនរសំរាមនោះមានអាយុប្រហែល៣ទៅ៥ថ្ងៃប៉ុណ្ណោះ។
ដោយមានការអាណិតអាសូរពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋ បានជួយឧបត្ថម្ភជាថវិកា និងសម្ភារមួយចំនួន ដើម្បីជួយសម្រួលដល់អ្នកដែលរើសបានទារិកាខាងលើយកទៅចិញ្ចឹមបន្ត។
ក្រោយពីរើសបានភ្លាមអ្នកម្តាយចិត្តធម៌ក៏បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនិងយកទារិកាខាងលើទៅសាលាសង្កាត់កាកាបទី២ដើម្បីធ្វើក្រដាសស្នាមថាពិតជារើសបានទារិកានេះប្រាកដមែន គឺមិនបានលួចយកមកពីណាឡើយ។ បន្ទាប់ពីមានការដឹងឮពីអាជ្ញាធរហើយ ទារិកាខាងលើត្រូវបានអ្នកម្តាយចិត្តធម៌យកទៅចិញ្ចឹមនៅខេត្តកំពង់ធំបន្ត៕ដោយ៖ សុខាសែនជ័យ