ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃអ្នកដំណើរ២នាក់បានសម្រេច ប៉ុន្តែការព្យាយាមជិះម៉ូតូគេចខ្លួនពីសំណាញ់ច្បាប់មិនបានសម្រេច ព្រោះម្ចាស់ទូរស័ព្ទដេញតាមពីក្រោយ និងស្រែកសុំឲ្យសមត្ថកិច្ចធ្វើអន្តរាគមន៍ផងនោះ។
ករណីបង្រ្កាបជនសង្ស័យ២នាក់ឆក់ទូរស័ព្ទនេះ បានធ្វើឡើងនៅយប់ថ្ងៃអាទិត្យ ១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិឆ្លងកាត់ សង្កាត់រលាប
ក្រុង.ខេត្តពោធិ៍សាត់ ។
នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យចោរឆក់ទូរស័ព្ទ ទី-១ ឈ្មោះ ធួន រតនា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចម្ការអូរ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់(អ្នកឆក់) និងទី-២ ឈ្មោះ ញ៉ែម វិសាល ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្ន រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់(អ្នកបើកម៉ូតូ) ។
នគរបាលក្រុងបន្តថា ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅចំណុចភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ រួចព្យាយាមជិះម៉ូតូរត់គេចពេញខេត្ត ដោយមានម្ចាស់ទូរស័ព្ទដេញតាម និងស្រែកសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតចំណុចខាងលើទើបបង្រ្កាបបាន ។
ប្រភពពព័ត៌មានបន្តទៀតថា កម្លាំងរបស់យើងដកហូតរួមមាន៖ ទូរស័ព្ទធ្វើសកម្មភាពបាន១គ្រឿង ទូរស័ព្ទជនសង្ស័យ២គ្រឿង និងម៉ូតូ១គ្រឿង បច្ចុប្បន្ន ជនសង្ស័យកំពុងបន្តនីតិវិធី ៕ ដោយ៖ បុឹម ពិន