ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ បើតាមនាយកដ្ឋានព័ត៌មានវិទ្យាបានឱ្យដឹងថា៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆកា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ យើងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា នើលើមាត្រា ៨, ៩, ១០ ,១១ នៃជំពូកទី០៣ជាបន្តទៀត ដោយកាលពីកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ កន្លងទៅអង្គប្រជុំបានពិនិត្យ និងពិភាក្សា ដល់មាត្រាទី៧ នៃជំពូកទី៣។

សូមជម្រាបថា៖ សេចក្ដីព្រាងច្បាប់ថា ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងគ្រប់ គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេសដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូបដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្ដរជាតិដែល ព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះបានចូលមកតាំងលំនៅមុនពេលដែលលច្បាប់ នេះចូលជាធរមានហើយក៏ដោយ។

សូមបញ្ជាក់ថា ៖ មុនពេលក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជានេះ ក្រសួងមហាផ្ទៃបានប្រជុំផ្ទៃក្នុងជាច្រើនលើក ទើបក្រសួងឈានបើកកិច្ចប្រជុំអន្ដរក្រសួងនាថ្ងៃនេះ។ ខណៈកិច្ចប្រជុំនាពេលនេះ គឺជាកិច្ចប្រជុំអន្ដរក្រសួង លើកទី៤ ហើយពិភាក្សាលើជំពូកទី៣ ជាពិសេស សេចក្ដីព្រាងច្បាប់នេះ មានចំនួន៩ជំពូក និងចំនួន៥០មាត្រា៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print