ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះបន្ទាប់ពីបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈរវាងកម្ពុជា និងហុងគ្រីចំនួន៣ផងដែរ។ កិច្ចព្រមព្រៀង និងអនុស្សរណៈដែលនឹងត្រូវចុះហត្ថលេខានោះរួមមាន៖
១- កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និឹងរដ្ឋាភិបាលហុងគ្រី។
២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី។
៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី៕
ដោយ៖ សុខ ខេមរា