ក្លិបអធិរាជស Real Madrid បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល Eder Militao បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ មុនពេលដែលក្រុមប្រកួតជាមួយនឹងក្រុម Inter Milan ក្នុងការប្រកួតដណ្តើមពានរង្វាន់ Champions League កាលពីថ្ងៃម្សិលមិញ។
ក្លិបបានផ្សព្វផ្សាយក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ក្លិបដែលបានសរសេរថា“Real Madrid ទាក់ទងថាកីឡាកររបស់យើង Eder Militao បានផ្តល់លទ្ធផលវិជ្ជមានក្នុងការធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ។ កីឡាករទាំងអស់និងបុគ្គលិកបច្ចេកទេសដែលធ្វើការដោយផ្ទាល់ជាមួយពួកគេបានផ្តល់លទ្ធផលអវិជ្ជមានក្នុងការធ្វើតេស្តដូចគ្នា”។
លទ្ធផលតេស្តវិជ្ជមានរបស់ Miltao ជួយកាត់បន្ថយជម្រើសការពាររបស់ក្លិប Real Madrid ក្រោមការដឹកនាំលោក Zinedine Zidane សម្រាប់ការប្រកួតកាលពីថ្ងៃអង្គារ ដោយគ្រាន់តែមាន Marcelo, FerlandMendy, Sergio Ramos និង Raphael Varane រួមជាមួយ Lucas Vazquez ដែល លេងជាអ្នកការពារបណ្តោះអាសន្ន ដោយសារបញ្ហារបួសរបស់កីឡាករ Dani Carvajal, Alvaro Odriozola និង Nacho Fernandez ។
នៅពេលត្រូវបានគេសួរអំពីលទ្ធផលវិជ្ជមានរបស់ Miltao នៅក្នុងសន្និសីទកាសែតមុនការប្រកួត កីឡាករ Varane បាននិយាយថា “យើងដឹងថាយើងបានត្រៀមខ្លួនសម្រាប់ស្ថានភាពការប្រកួតកាលពីម្សិលមិញ។ អ្នកត្រូវតែសម្របខ្លួនហើយគិតអំពីអ្វីដែលយើងអាចធ្វើបាន” ។
គួររំលឹកថា ការប្រកួតកាលពីថ្ងៃអង្គារមានសារៈសំខាន់ណាស់សម្រាប់ទាំងក្រុម Real Madrid និងក្រុម Inter Milanខណៈដែល Real Madrid បានយកឈ្នះក្រុម Inter Milan បាន៤ពិន្ទុពីការប្រកួតក្នុងពូលនៃក្របខ័ណ្ឌ Champions League ៕ដោយ៖ភារៈ