ខេត្តបន្ទាយមានជ័យ ៖ ករណីឃាកតកម្មដ៏សាហាវព្រៃផ្សៃ លើនារីវ័យក្មេងម្នាក់ ដោយត្រូវជនសង្ស័យជាឃាតកកាប់ចិញ្រ្ចាំស្ទើរតែខ្ទេចផ្ទៃមុខ កាលពីប៉ុន្មានថ្ងៃមុននោះ ពេលនេះ សមត្ថកិច្ច បានស្រាវជ្រាវស្គាល់អត្តសញ្ញាណហើយ ដោយសពនារីរងគ្រោះមាន ឈ្មោះ ទិត្យ ស្រីសួង អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី មកធ្វើការនៅកន្លែងផលិតទឹកសុទ្ធមួយកន្លែងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
សូមបញ្ជាក់ថា សពនារីរងគ្រោះ ត្រូវបានគេប្រទះឃើញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីលានចាក់សំរាម ក្បែរស្ពានរាគអាចម៍ស្ថិតក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា សពស្ត្រីរងគ្រោះមាន ឈ្មោះ ទិត្យ ស្រីសួង អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី មកធ្វើការនៅកន្លែងផលិតទឹកសុទ្ធមួយកន្លែងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
យោងតាមម្តាយ និងសាច់ញាតិ គឺជនរងគ្រោះបានចំណាកស្រុកមករស់នៅ និងធ្វើការនៅក្រុងសិរីសោភ័ណច្រើនឆ្នាំមកហើយ ក្នុងនោះធ្លាប់ធ្វើការនៅរោងចក្រកាត់ដេរ តែមានបញ្ហាលួចរបស់គេ ក៏ត្រូវដេញចេញ ហើយបានទៅធ្វើការនៅកន្លែងផលិតទឹកសុទ្ធនេះ នាងមានទំនាក់ទំនាក់ស្នេហា និងរស់នៅដូចប្តីប្រពន្ធជាមួយបុរសពោះម៉ាយម្នាក់ ដែលជាកម្មករធ្វើការជាមួយគ្នា ប៉ុន្តែគូស្នេហ៍ដែលយកប្តី ប្រពន្ធចិត្តឯងនេះ មិនចុះសម្រុងនឹងគ្នានោះឡើយ។ សមត្ថកិច្ចបានបន្តថា ពីមុននិងក្រោយឃាតកម្ម មកទល់ពេលនេះ បុរសនោះបានបាត់ខ្លួន។
គួររំលឹកថា សពនារីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ហើយក៏រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ទៅពិនិត្យមើល។ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យយ៉ាងយកចិត្តទុកដាក់។ នៅលើខ្លួនសពមានស្នាមចាក់ដោយវត្ថុរឹងចុងស្រួច ត្រូវចុងដង្ហើម១កន្លែង ដើមកខាងស្តាំ១កន្លែង និងស្នាមឆូតលើផ្ទៃជាច្រើនកន្លែង។
បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ គឺជាករណីឃាតកម្មទុកជាមុន តែនៅមិនទាន់ដឹងថាជាករណីគំនំ ប្លន់យកទ្រព្យសម្បតិ្ត ឬជាករណីស្នេហាត្រីកោណនោះឡើយ។ នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវវែកមុខឃាតក ដែលសម្លាប់ស្ត្រីយ៉ាងឃោរឃៅនេះ យកមកផ្ដន្ទាទោសទៅតាមច្បាប់ឲ្យទាល់តែបាន៕ជ្រោយពេជ្រ