លោក ម៉ុម សារឿន អភិបាលខេត្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ចែកជូនដល់ពលរដ្ឋក្រីក្រចំនួន១៨០គ្រួសារក្នុងឃុំកោះស្នែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០២០ លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត និងស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាតក្រីក្រ ងាយរងគ្រោះចំនួន១៨០គ្រួសារមកពី ៤ភូមិ ស្ថិតក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ការចែកអំណោយនេះ ត្រូវបានរៀបចំឡើងនៅចំណុចភូមិជាំធំ ឃុំកោះស្នែង ក្រោមវត្តមានលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលស្រុក រួមជាមួយលោក លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្រ្តីរាជការជំុរិញខេត្តជាច្រើនរូប ។

មានប្រសាសន៍ក្នុងអង្គពិធីនោះលោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត បានលើកឡើងថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬពណ៌សម្បុរអ្វីនោះឡើយ។
លោកម៉ុម សារឿន ក៏បានផ្តាំផ្ញើសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាក៏ដូចនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល ហើយត្រូវរស់នៅប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅ ស្អាតផងដែរ ។

សូមបញ្ជាក់ថា នេះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋចំនួន១៨០គ្រួសារតាមរយៈរដ្ឋបាលខេត្តនៅពេលនេះរួមមានក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកស៊ីអីវ១យួរ ត្រីខកំប៉ុង១យួរ ទឹកសុទ្ធ១កេស និងមុងជ្រលក់ថ្នាំចំនួន១៕
ដោយ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print