ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សម្រាប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិដែលត្រូវធ្វើឡើងនៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចរាល់ហើយ លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់នៃ ព្រះរាជពិធីនេះ ។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៥ខែវិច្ឆុិកាឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បញ្ហាសន្តិសុខ សុវត្ថិភាពនៅរាជធានីភ្នំពេញ យើងបានគិតគូរនិងវាយតម្លៃរួចហើយ គឺមិនមានអ្វីកើត
ឡើងនោះទេ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីក៏យើងនៅតែបង្ការទប់ស្កាត់ចំពោះ ឧបាយកលរបស់ជនអគតិមួយចំនួនក្នុងការបំផ្លាញនូវព្រះរាជពិធីបុណ្យឯករាជ្យជាតិនេះ។
ក្រៅពីមានវិធានការម៉ឹងម៉ាត់ទៅលើកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងព្រះរាជពិធីនេះ លោកឃួង ស្រេងក៏បានណែនាំឱ្យមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរសារធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរៀបចំសម្អាត លាងផ្លូវ លាបកំបោរនៅតាមដើមឈើជាមួយនឹងការសម្អាតបរិស្ថាននៅជុំវិញកន្លែងពិធីផងដែរ។
លោកចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងផងដែរជុំវិញវិធានការចំពោះមុខ ដើម្បីរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងព្រះរាជពិធីនេះ ដោយលោកបញ្ជាក់ថា ជុំវិញកន្លែងប្រារព្ធពិធី ផ្លូវមួយចំនួនយើងត្រូវការបិទជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ឆ្លងកាត់ព្រះរាជពិធីនេះទេ ហើយការងារនេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី៧ខែវិច្ឆិការហូតដល់ថ្ងៃទី១១ខែវិច្ឆិកា ។ ជាមួយនេះដែរ យើងក៏មានដាក់គោលដៅដើម្បីឆែកឆេរអាវុធជាតិផ្ទុះ នៅច្រកចេញ ចូលរាជធានីភ្នំពេញ និងដាក់គោលដៅឆែកឆេរអាវុធនៅតាមបណ្ដាខណ្ឌពាក់ព័ន្ធនៅជាប់ទីតាំងប្រារព្ធពិធីនេះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យព្រះរាជពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាដំណើរការទៅដោយរលូននិងទទួលបាននូវភាពជោគជ័យ ៕ សំរិត