ខេត្តស្វាយរៀង៖ បុរសជាប្រជាការពារម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូមិនប្រកាន់ស្ដាំទៅបុកជាមួយរថយន្តឈ្នួលដឹកអ្នកដំណើរយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពី
ថ្ងៃ សៅរ៍ ៧ រោច ខែកត្ដិក ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិឹងថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៥និង៤៨នាទីល្ងាចលើផ្លូវជាតិលេខ១៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៦និងលេខ៧ ស្ថិតក្នុងភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះគង់ សំអឿន អាយុ ៤៩ ឆ្នាំ មុខរបរប្រជាការពារ រស់នៅភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។
ចំណែកអ្នកបើករថយន្តមានឈ្មោះ កឹម សាភាន់ ភេទប្រុស អាយុ ៣២
ឆ្នាំ មុខរបរបើកបរ រស់នៅភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្ត
ស្វាយរៀង។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសខាងលើនេះមកសាកសួរនៅអធិការដ្ឋានក្រុងស្វាយរៀង។
បើតាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាWave I ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១A-៥៨៤១ ក្នុងទិសដៅពីជើងទៅត្បូង មិនពាក់មួកសុវត្ថិភាពហើយបើកមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកនឹងរថយន្តមួយគ្រឿងម៉ាក HYUNDAI COUNTY ពណ៌ លឿង ពាក់ស្លាកលេខ ភ្នំពេញ ៣B- ៣៣០៩ ដែលបើកក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសគ្នាបង្កការភ្ញាក់ផ្អើលតែម្ដង។
ចំពោះមធ្យោបាយធ្វើដំណើររថយន្តនិងម៉ូតូទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង ។
ក្រោយមកអ្នកបើកបររថយន្ដត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋានក្រុងស្វាយរៀងដើម្បីសាកសួរនិងចាត់ការបន្ដតាមច្បាប់ ។
ចំណែកសពសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន