ប្រទេសមីយ៉ាន់ម៉ា ៖ បើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ស៊ិនហួរបានឲ្យដឹងថា ៖ ការបោះឆ្នោតសកលក្នុងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃអាទិត្យទី៨ ខែវិច្ឆិកាឆ្នាំ ២០២០ដើម្បីជ្រើសរើសសមាជិកសភាចំនួន៥០០រូប ។ សារព័ត៌មានដដែលនេះបានបញ្ជាក់ថា ៖ គឺជ្រើសរើសនៅក្នុងសភាជាន់ខ្ពស់និងសភាជាន់ទាប។
ការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្ដើមដំណើរការពីម៉ោង៦ព្រឹក ក្នុងនោះមានការិយាល័យបោះឆ្នោតសរុប៤២,០៤៧កន្លែង ។ ដោយឡែកប្រជាជនដែលមានសិទ្ធិបោះឆ្នោតមានចំនួន ៣៧លាននាក់ បាននិងកំពុងចេញដំណើរទៅបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្តគាំទ្រ។ គេកំពុងតែនឹងតាមដាន ទៅលើគណបក្សសសម្ព័ន្ធជាតិប្រជាធិបតេយ្យ(NID) របស់អ្នកស្រីអោង សានស៊ូជី អាចរក្សាសំឡេងភាគច្រើននៅក្នុងសភាទាំងពីររបស់មីយ៉ាន់ម៉ាបានដែរឬយ៉ាងណា។ អ្នកឃ្លាំមើលពីក្រៅកំពុងតែយកចិត្តទុកដាក់តាមដានក្នុងរឿងការបោះឆ្នោត កំពុងប្រព្រឹត្តទៅនេះ។
សូមរំលឹកផងដែរថា៖ នៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៥ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រីអោង សានស៊ូជី បានឈ្នះសន្លឹកឆ្នោតយ៉ាងភ្លូកទឹក ភ្លូកដី ដែលជាលទ្ធផលធ្វើឲ្យអ្នកស្រីបានយកជ័យជម្នះទៅលើមេដឹកនាំដោយយោធា។
ប្រទេសមីយ៉ាន់ម៉ាកំពុងតែជួបវិបត្តិយ៉ាងធ្ងន់ធ្ងរលើបញ្ហាការរាលដាលជំងឺកូវីដ-១៩ និងសេដ្ឋកិច្ច ប៉ុន្តែដំណើរការបោះឆ្នោតសកល នៅតែប្រព្រឹត្តទៅយ៉ាងរលូន ហើយគេក៏មានរំពឹងថា គណបក្សលោកស្រី អោង សានស៊ូជី អាចនឹងមានសំឡេងគាំទ្រច្រើន ហើយការប្រកាសលទ្ធផល ក៏នឹងគ្រោងប្រកាសនៅល្ងាចថ្ងៃអាទិត្យផងដែរ៕
ដោយ៖ សិលា