ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភ័ន្ត ភក្ដី ភេទស្រី អាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមច្បាប់។ ការឃាត់ខ្លួនជនសង្សឋ័យខាងលើបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២រសៀលតាមបញ្ជារបស់លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីឆបោក ប្រព្រឹត្តលើបណ្ដាញទំនាក់ទំនងសង្គមនាពេលកន្លងមក។
តាមការឲ្យដឹងរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅជនសង្ស័យបានធ្វើសកម្មភាពលក់ដូរគ្រឿងអង្ការ (ខ្សែកមាស និងបន្តោង) ទៅឲ្យជនរងគ្រោះឈ្មោះ សាំង វីរុន ភេទប្រុស អាយុ៣២ឆ្នាំ ( ជាពលករកូរ៉េ ) តាមបណ្ដាញទំនាក់ទំនងសង្គម រួចមិនបានធ្វើការប្រគល់អីវ៉ាន់ឲ្យទៅជនរងគ្រោះតាមការសន្យានោះទេ។ដោយមានការឆបោកបែបនេះជនរងគ្រោះបានដាក់ពាក្យបណ្តឹងស្របតាមច្បាប់និងមានឯកសារគ្រប់គ្រាន់ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានតែម្តង។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ÷ប្រាថ្នា