ភ្នំពេញ៖ បុរសម្នាក់បានយកទ្រូទៅដាក់យកត្រីធ្វេីជាម្ហូបអាហារបែរជាប្រទះឃេីញសពបុរសម្នាក់ដេកស្លាប់នៅក្បែរម៉ូតូខាងក្រោមស្ពានថ្មមួយកន្លែងទាំងកណ្ដាលថ្ងៃដោយពុំដឹងថាជនរងគ្រោះស្លាប់ដោយសារតែមូលហេតុអ្វីពិតប្រាកដនិងតាំងពីពេលណាមកនោះឡើយ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចស្ពានថ្មតាមផ្លូវបេតុងស្ថិតនៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ទូច ចំរើន អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកអញ្ចាញ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងស្នាក់នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បេីតាមសម្តីបុរសដែលជាអ្នកប្រទះឃើញសាកសពបុរសរងគ្រោះបានប្រាប់ឲ្យនគរបាលដឹងថា នៅមុនពេលកើតហេតុគាត់បានទៅដាក់ទ្រូយកត្រីនៅជិតកន្លែងកើតហេត។លុះពេលទៅដល់ស្រាប់តែប្រទះឃើញបុរសម្នាក់ដេកស្លាប់ដោយមិននឹកស្មានដល់ឡើយដោយមានម៉ូតូម៉ាកហុងដាស្គូពីពណ៌ក្រហម១គ្រឿងដួលនៅជិតនោះផងដែរ។ខណៈនោះគាត់មានការភ្ញាក់ផ្អើលខ្លាំងណាស់ក៏បានស្រែកប្រាប់អ្នកភូមិឲ្យជួយមើល ព្រមទាំងរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើលភ្លាមៗតែម្ដង។
នគរបាលបានប្រាប់ថា ក្រោយទទួលបានព័ត៌មានអំពីមនុស្សស្លាប់បែបនេះកម្លាំងនគរបាលប៉ុស្តិ៍បឹងធំរួមជាមួយនគរបាលព្រហ្មទណ្ឌនិងនគរបាលចរាចរណ៍ខណ្ឌកំបូលបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗដែរហើយបានសន្និដ្ឋានជាជំហានដំបូងថាអាចជាឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍។បន្ទាប់មកបានរាយការណ៍បន្តជូនទៅកាន់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យធ្វើកោសល្យវិច័យ។
នគរបាលបានបញ្ជាក់ថា បើតាមស្រ្តីជាម្ដាយរបស់ជនរងគ្រោះបាននិយាយថា កូនប្រុសគាត់មានជំងឺសរសៃប្រសាទយូរមកហើយ ដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យត្រឹមត្រូវ ហើយក៏ធ្លាប់មានគូដណ្ដឹងនៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំនេះម្ដងដែរ ប៉ុន្តែបានដាច់គ្នាវិញ។ដោយឡែក
កាលពីវេលាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ជនរងគ្រោះបានទៅទៅបុណ្យគម្រប់១០០ថ្ងៃសពក្រុមគ្រួសារមិត្តភក្ដិនៅក្នុងភូមិខាងលើនេះ លុះពេលត្រឡប់មកវិញក៏បានជួបនូវគ្រោះអកុសលបែបនេះតែម្ដង៕ដោយ៖ សុខាសែនជ័យ