អន្តរជាតិ៖ យោងតាមសេចក្តីរាយការណ៍ពីក្រៅស្រុក បានលើកឡើងថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយមានឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿងនមានបញ្ហានៅពេលបម្រុងចុះចតនៅលើដំបូលមន្ទីរពេទ្យ ស្រាប់តែពេលនោះបណ្ដាលឲ្យផ្អៀងចំហៀងធ្លាក់តែម្ដង។
ប្រភពដដែលនេះបានឲ្យដឹងទៀតថា ឧទ្ធម្ភាគចក្រពេទ្យចំនួនមួយគ្រឿងដែលជួបបញ្ហានេះ បានដឹកជញ្ជូនបេះដូងពីមន្ទីរពេទ្យ ដែលមានឈ្មោះថា Grossmont Hospital ឆ្ពោះទៅកាន់មន្ទីរពេទ្យ Keck Hospital ដើម្បីទុកសម្រាប់ធ្វើការវះកាត់ជូនទៅដល់អ្នកជំងឺ។ ហើយក្នុងដំណើរហោះហើរនេះ មានគ្រូពេទ្យចំនួនពីរនាក់ និងអ្នកបើកឧទ្ធម្ភាគចក្រម្នាក់ផងដែរ តែយ៉ាងណាមិញពួកគេទាំងបីមិនបានរងរបួសធ្ងន់ធ្ងរឡើយ។
បើតាមវីដេអូដ៏ខ្លីមួយបានបង្ហាញឱ្យឃើញថា ក្រុមអ្នកជួយសង្គ្រោះ បានព្យាយាមយកកញ្ចប់មួយដែលមានបេះដូង ចេញពីក្នុងឧទ្ធម្ភាគចក្រយ៉ាងប្រុងប្រយ័ត្នបំផុត និងហុចទៅឲ្យគ្រូពេទ្យម្នាក់។ ក្រោយពីទទួលយកកញ្ចប់បេះដូងមិនបានប៉ុន្មានផង ស្រាប់តែគ្រូពេទ្យរូបនោះ ដើរជំពប់ជើងដួល និងបណ្ដាលឲ្យបេះដូងធ្លាក់ពីដៃភ្លាមៗ។ បើទោះជាយ៉ាងណាក្ដី កញ្ចប់បេះដូងមិនមានការខូចខាតអ្វីឡើយ និងត្រូវបានក្រុមគ្រូពេទ្យ យកទៅធ្វើការវះកាត់ឲ្យអ្នកជំងឺយ៉ាងទាន់ពេល។ ហើយជុំវិញការធ្លាក់ឧទ្ធម្ភាគចក្រ គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយទេ តែការស៊ើបអង្កេតកំពុងបើកដំណើរការផងដែរ៕ដោយ៖សហការី
https://youtu.be/OWxAGNOBBr8