សហព័ន្ធបាល់ទាត់ពិភពលោក FIFA នឹងជំរុញផែនការប្រមូលកម្រៃជើងសារសម្រាប់ថ្លៃសេវាផ្ទេរប្រាក់សម្រាប់ភ្នាក់ងារកីឡាករ និងអនុវត្តគម្រោងអាជ្ញាប័ណ្ណបើទោះបីជាបទបញ្ញត្តិថ្មីរបស់ខ្លួនត្រូវបានជំទាស់ដោយភ្នាក់ងារមួយចំនួនក៏ដោយ។
FIFA បានប្រកាសពីការដាក់កម្រិតលើភ្នាក់ងារកីឡាកររបស់ក្លិបដែលលក់ឱ្យដល់១០ភាគរយនៃថ្លៃផ្ទេរ និង៣ភាគរយនៃថ្លៃឈ្នួលរបស់កីឡាករសម្រាប់ភ្នាក់ងាររបស់ក្លិបទិញ។ បទប្បញ្ញត្តិថ្មីដែលគ្រោងនឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២ ក៏នឹងបង្ខំឲ្យភ្នាក់ងារនានាទទួលបានអាជ្ញាប័ណ្ណ និងឆ្លងកាត់ការប្រឡងដែលរៀបចំឡើងដោយ FIFA ក៏ដូចជាធ្វើប្រតិបត្តិការជាសាធារណៈទាំងអស់ដែលអនុញ្ញាតឱ្យអ្នកគាំទ្រមើលឃើញថា តើភ្នាក់ងារកីឡាករនោះត្រូវបានចំណាយប៉ុន្មានលើកិច្ចព្រមព្រៀង។
FIFA បានឲ្យដឹងថា ខ្លួនកំពុងចាប់ផ្តើម ដំណើរការពិគ្រោះយោបល់ លើកទី ៣ និងចុងក្រោយរបស់ខ្លួនស្តីពីបទប្បញ្ញត្តិថ្មីមុនពេលបញ្ជូនការកែទម្រង់ទៅបោះឆ្នោតនៅក្រុមប្រឹក្សា FIFA ដោយមានគោលបំណងនាំពួកគេចូលជាធរមាននៅរដូវកាលក្រោយ។ ប៉ុន្តែភ្នាក់ងារកីឡាករបានរិះគន់យ៉ាងខ្លាំងចំពោះសំណើនេះនិងបានគំរាមចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
លោក Emilio Garcia Silvero ប្រធានផ្នែកច្បាប់និងអនុវត្តច្បាប់របស់ FIFA បានប្រាប់អ្នកយកព័ត៌មានថា អង្គភាពគ្រប់គ្រងនឹងបន្តពិគ្រោះយោបល់ជាមួយភ្នាក់ងារនានា ប៉ុន្តែបានប្តេជ្ញាជំរុញទៅមុខជាមួយនឹងការផ្លាស់ប្តូរនេះ។
គួររំលឹកថា ប្រាក់កម្រៃដែលបានបង់ទៅឱ្យភ្នាក់ងារដែលពាក់ព័ន្ធក្នុងការផ្ទេរកីឡាករអន្ដរជាតិមានចំនួនសរុប៦៥៣,៩លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដែលចំនួននេះច្រើនជាង៤ដងបើធៀបនឹងឆ្នាំ២០១៥ ៕ដោយ៖ភារៈ