ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងត្រូវចាកចេញពីតំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ ជាពេលវេលាស្បថចូលកាន់តំណែង របស់ប្រធានាធិបតីអាមេរិកតាំងពីឆ្នាំ១៩៣៧ រហូតមកទល់ពេលនេះ។ អតីតអនុប្រធានាធិបតីអាមេរិក ចូបៃឌិន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាមេរិក ប្រកាសពីជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតឆ្នាំ២០២០ ។
នៅពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងតែសហការជាមួយបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ និងប្រទេសអីុស្រាអែលដើម្បីវាយប្រហារ ដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើអុីរ៉ង់។
ឧបការីទទួលបន្ទុកស្តីពីអុីរ៉ង់ លោក Elliott Abrams កាលពីថ្ងៃទី ៨ខែវិច្ឆិកា បានទៅកាន់ប្រទេសអុីស្រាអែល ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីណេតាន់ យ៉ាហ៊ូ ស្តីពី ការដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើប្រទេសអុីរ៉ង់។
នៅថ្ងៃទី៩ ខែវិច្ឆិកា លោក Elliott Abrams និឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអុីស្រាអែល និងរដ្ឋមន្ត្រីការបរទេសដើម្បីពិភាក្សាស្តីពីគម្រោងរបស់ប្រធានាធិបតីដូណាល់ ត្រាំ។
គោលដៅរបស់ប្រធានាធិបតីអាមេរិកនៅពេលនេះគឺជាការខិតខំដើម្បីបង្កភាពលំបាកដល់ប្រធានាធិបតីថ្មី គឺលោកបៃឌិន ស្តីពីការនាំអាមេរិកចូលមកកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។ លោកត្រាំបានដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ២០១៨ ហើយបង្កើនការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសអុីរ៉ង់៕