ខេត្តពោធិ៍សាត់ ៖ ការធ្វេសប្រហែសរបស់ឪពុកម្ដាយធ្វើឲ្យកូនប្រុសជាទីស្រលាញ់ស្មើកែវភ្នែក បានបាត់បង់ជីវិតយ៉ាងសង្វេគហើយបានត្រឹមតែនាំគ្នាស្រែកទ្រហោយំ សួរថាតើជាកំហុសរបស់អ្នកណា ?
ករណីក្មេងប្រុសលង់ទឹកស្លាប់ខាងលើ នេះបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ និង០០នាទី ព្រឹកថ្ងៃចន្ទ ៩រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចស្រះទឹកដ៏ធំមួយផ្នែកខាងក្រោយផ្ទះឪពុកម្ដាយរបស់ក្មេងរងគ្រោះ ស្ថិតនៅភូមិបង្គោល ឃុំ/ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកកណ្ដៀងបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ(ស្លាប់)ឈ្មោះ សែត សៀវហុី អាយុ ៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកឪពុកម្ដាយ ។
ប្រភពដដែលបន្តទៀតថា មូលហេតុបណ្តាលមកពីឪពុកម្ដាយនាំយកកូនទៅជាមួយ ហើយឲ្យកូននៅលេងលើទី
ទួលក្បែរផ្នូរសពមួយកន្លែង រួចពួកគាត់នាំគ្នាទៅលើកទ្រូ និងដោះត្រីមង នាំឲ្យគាត់ភ្លេចខ្លួនមួយសន្ទុះធំ ពេលក្រឡេកមកមើលកូនប្រុសបាត់មិនឃើញ ឃើញតែស្បែកជើងនៅមាត់ស្រះក្បែរនេះ ក៏មានការសង្ស័យចុះរាវរកឃើញនៅបាតស្រះស្លាប់បាត់ទៅហើយ ។
ប្រភពបញ្ជាក់អះអាងទៀតថា ករណីនេះសមត្ថកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវត្រឹមត្រូវ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ បុឹម ពិន