ខេត្តបន្ទាយមានជ័យ៖ សាច់មាន់ចម្រុះខូចគុណភាពប្រមាណជាង ៣៥០គីទ្បូក្រាម ដែលឈ្មួញលួចនាំពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀងអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីជំនាញដុតបំផ្លាញចោល។
ការដុតបំផ្លាញសាច់មាន់ខូចគុណភាពនេះធ្វើឡើងកាលពី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ ហៅកាត់( ក.ប.ប។
ប្រភពពីមន្រ្តីជំនាញបានឲ្យដឹងថាដោយមានកាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកម្លាំង ក.ប.ប ខេត្តបន្ទាយមានជ័យចុះឃាត់សាច់មាន់ ខូចគុណ ភាពទាំងនេះ ដែលឈ្មួញលួចនាំចូលតាមច្រករបៀងអូរបីជាន់ ដឹកឆ្ពោះមកលក់ចែកចាយនៅទីផ្សាក្រុងប៉ោយប៉ែត និងតាមបណ្តាខេត្ត ក្រុងផ្សេងៗ ។ករណីនេះត្រូវបានកម្លាំងជំនាញនៃសាខា ក.ប.ប. ខេត្ត ដែលចុះប្រតិបត្តិការត្រួតពិនិត្យ បង្ក្រាបបានហើយនាំយកមករក្សាទុកនៅស្នាក់ការសាខា ក.ប.ប. ខេត្ត ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់។
ប្រភពដដែលបានឲ្យដឹងទៀតថាដោយមានការណែនាំពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យម្ចាស់រ៉ឺម៉កវិលត្រឡប់ទៅផ្ទះវិញ រីឯផលិតផលសាច់មាន់ខូចគុណភាពប្រមាណ ៣៥០គីឡូក្រាម ត្រូវដុតបំផ្លាញចោលតាមនីតិវិធីនៅនឹងកន្លែង ៕
ដោយ÷ប្រាថ្នា