តាមគេហទំព័រ Worldometer នៅថ្ងៃទី១០ខែវិច្ឆិកាបានផ្សាយថា នៅក្នុងប្រទេសហុងគ្រីមានករណីឆ្លងកើនឡើងដល់ទៅ ១១៨.៩១៨ នាក់ ស្លាប់២.៥៩៦នាក់។ ចំណែកអ្នកព្យាបាលជាសះស្បើយវិញមានតែ២៧ពាន់នាក់ប៉ុណ្ណោះ ។ អ្វីដែលចាប់អារម្មណ៍បំផុតគឺក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រទេសនេះ មានអ្នកឆ្លងកូវីដ-១៩ថ្មីដល់ទៅជាង៤១០០នាក់។
សារព័ត៌មាន BBC បានផ្សាយថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសហុងគ្រីសម្រេចបិទប្រទេសជាថ្មី គឺលើកទីពីរហើយ ដោយសារតែការឆ្លងកើនឡើងខ្ពស់ ហើយមន្ត្រីរដ្ឋាភិបាលប្រទេសនេះជាច្រើនរូបក៏បានឆ្លងផងដែរ។
កាលពីថ្ងៃទី ៩ខែវិច្ឆិកា ហុងគ្រីរកឃើញមានអ្នកឆ្លងថ្មីដល់ទៅជាង៥ពាន់នាក់។ ចំណែកថ្ងៃទី១០ខែវិច្ឆិកាមានតែ៤១៤០នាក់ប៉ុណ្ណោះ ។
ដោយការឆ្លងរាលដាលកើនឡើងខ្ពស់ នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោក Viktor Orban បានប្រកាសបិទប្រទេសរយៈពេលមួយខែ ពោលគឺចាប់ពីថ្ងៃពុធ ទី១១ ខាងមុខនេះតែម្តង ។ វិធានការនេះ នឹងធ្វើការហាមឃាត់ការប្រមូលផ្តុំជាសាធារណៈ និងការបិទសាលារៀនមួយចំនួន ដោយឱ្យសិស្សរៀនតាមអនឡាញវិញ ។
មិនថាប្រទេសហុងគ្រីនោះឡើយ ប្រទេសជាច្រើនទៀតនៅក្នុងតំបន់អឺរ៉ុប ក៏បានសម្រេចបិទប្រទេសជាលើកទីពីរផងដែរ ដោយសាររលកឆ្លងកូវីដ-១៩លើកទីពីរកើនឡើងខ្ពស់។ នៅពេលនេះពិភពលោកទាំងមូលមានករណីឆ្លងកើនឡើងដល់ទៅជាង៥១,៣ លាននាក់ ស្លាប់ ១,២៧លាននាក់ និងជាសះស្បើយជាង៣៦,១លាននាក់ផងដែរ៕