លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១.០២០គ្រួសារ នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាល និងនាំពូជស្រូវយកទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១.០២០គ្រួសារ ដែលរស់នៅតាមបណ្ដោយមាត់ទន្លេវ៉ៃគោ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្រីកិត្តិសង្គហបណ្ឌិតបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសដោយចុះដល់ទីតាំងរងគ្រោះ និងបានចាត់តំណាងចូលរួមជំនួសសម្តេច ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា សម្តេចតេជោពិតជាសោកស្តាយដែលមិនអាចមកចូលរួមផ្ទាល់ ប៉ុន្តែសម្តេចបានចាត់ឲ្យតំណាងចូលរួមទៅកាន់ខេត្តគោលដៅតាមផែនការកំណត់ ដោយតាមដានការអនុវត្តជាប់ជាប្រចាំនូវការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ពេលវេលានៅក្នុងដំណាក់កាលស្តារឡើងវិញនេះ ព្រោះជាកិច្ចការអាទិភាពសំខាន់ចាំបាច់ដោយមិនអាចពន្យារពេលបានឡើយ។

លោកស្រីឧបនាយករដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណចំពោះលោក លោកស្រីកងកម្លាំងទាំងបីប្រភេទ អាជ្ញាធរដែនដី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងក្រុមការងារពាក់ព័ន្ធ ដែលបានចូលរួមរៀបចំកម្មវិធីនេះប្រព្រឹត្តទៅបានយ៉ាងល្អ ។

លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងជៀសផុតពីគ្រឿងញៀន។ ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមគ្នាបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត។

អំណោយរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋ ១.០២០គ្រួសារនោះរួមមានក្នុង១គ្រួសារ ទទួលបានស្រូវពូជ១០០គីឡូក្រាម មី ១កេស នំប៉័ង ១ដើម និងថវិកា៥ម៉ឺនរៀល ៕

ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print