ខេត្តបន្ទាយមានជ័យ៖ ជនជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យមានចំនួន១.៦៣១នាក់ដែលត្រូវបានជម្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យដោយជួបបញ្ហាទឹកជំនន់ជន់លិចទៅរកទីសុវត្ថិភាពដោយបានយកដាក់ផ្ញើនៅពន្ធនាគារក្នុងខេត្តផ្សេងៗកន្លងមកនោះនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានបញ្ជូនមកដាក់នៅក្នងទីតាំងពន្ធនាគារខេត្តបន្ទាយមានជ័យឋិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យវិញហើយ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តម អគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានការចូលរួមពីលោកមាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ, លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមទាំងកងកម្លាំងអាវុធហត្ថ កម្លាំង នគរបាលជាច្រើននាក់ទៀត។
លោក អ៊ុង ស៊ីផាន ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ជាប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា៖អ្នកជាប់ឃុំឃាំងមានចំនួន១.៦៣១នាក់ត្រូវជម្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២០កន្លងមកនេះ ឥឡូវត្រូវបានបញ្ជូនមកដាក់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យវិញអស់ហើយ។លោកបញ្ជាក់ថា កន្លងមកអ្នកទោសទាំងអស់នេះបានយកទៅផ្ញើនៅពន្ធនាគារខេត្តចំនួន៤ គឺ៖
១-ខេត្តឧត្តរមានជ័យ២០០នាក់, ២-ខេត្តសៀមរាប៨៥៥នាក់, ៣-ខេត្តកំពង់ធំ២០០នាក់, ៤-មណ្ឌលអប់រំកែប្រែទី៣ត្រពាំងប្លុង៣៧៩នាក់ សរុប ១.៦៣១នាក់។ក្នុងនោះបញ្ជូនមកដាក់ក្នុងពន្ធនាគារខេត្តវិញគឺ៖១-ខេត្តឧត្តរមានជ័យ៨៨នាក់, ២-ខេត្តសៀមរាប៨២៦នាក់ ,៣-ខេត្តកំពង់ធំ១៩០នាក់, ៤-មណ្ឌលអប់រំកែប្រែទី៣ត្រពាំងប្លុង២១៤នាក់ សរុបមកវិញ១.៣១៩នាក់។ ក្រៅពីនេះពាក់ព័ន្ធនឹងការដោះលែងដោយផុតកំណត់ទោស។
លោកអ៊ុង ស៊ីផានបានបញ្ជាក់ទៀតថា ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូរបន្ថយទោស លើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក ។ ជាមួយគ្នានោះលោកក៏បានធ្វើការផ្តាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីបានចេញពីពន្ធនាគារវិញត្រូវចេះកែខ្លួន កសាងជីវិតថ្មីឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួល៕ វណ្ណា