រុស្ស៊ី បានសម្រេចផ្តល់ជំនួយជាទឹកប្រាក់ ១ពាន់លានដុល្លារ ដល់ស៊ីរី សម្រាប់អភិវឌ្ឍន៍បណ្តាញអគ្គិសនី និងដំណើរការឡើងវិញនៅតំបន់ឧស្សាហកម្មមួយចំនួន ក៏ដូចជា បញ្ហាមនុស្សធម៌។
លោក Mikhai Mezentsev ប្រធានក្រុមសហប្រតិបត្តិការរវាងរុស្ស៊ី និងស៊ីរី បានប្រកាសថា ប្រទេសទាំងពីរ នឹងចុះហត្ថលេខា លើកំណត់ហេតុចំនួន៨ ផ្សេងគ្នាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល អភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងទ្វេភាគី…។
លោកMikhai Mezentsev បញ្ជាក់ថា រុស្ស៊ី នឹងចំណាយប្រាក់ ១ពាន់លានដុល្លារសម្រាប់ ដំណើរការគម្រោងមួយចំនួននៅប្រទេសសុីរី ។ គោលដៅរបស់រុស្ស៊ីគឺស្តារប្រទេសនេះឡើងវិញក្រោយសង្គ្រាម ដែលបានបំផ្លាញយ៉ាងខ្លាំង។
វិស័យហេដ្ឋារចនាសម្ព័ន្ធជាច្រើន នឹងត្រូវអភិវឌ្ឍន៍ឡើងវិញ ទើបអាចដំណើរការសេដ្ឋកិច្ចបានល្អ។
ប្រធានាធិបតីស៊ីរី លោក អាលអាសាដ បានថ្លែងអំណរគុណ ដល់មេដឹកនាំរុស្ស៊ី ដែលបានយកចិត្តទុកដាក់និងជួយដល់រដ្ឋាភិបាលស៊ីរី ក្នុងសង្គ្រាមប្រឆាំងភេរវកម្ម ព្រមទាំងស្តារសេដ្ឋកិច្ចជាតិឡើងវិញ ផងដែរ ៕ដោយ៖ធី រីណា