ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីខ្មែរមួយគ្រឿងមកឈប់អែបចិញ្ចើមផ្លូវត្រូវរថយន្តតូយ៉ូតាព្រូសមួយគ្រឿងបុកពីក្រោយបណ្តាលឲ្យខ្ទាតទៅលើចិញ្ចើមផ្លូវដាច់ចេញពីគ្នារងរបួសស្រាល រួចអ្នកបើករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ61BEo ផ្លូវលេខ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីបុរសជាម្ចាស់ម៉ូតូកង់បីបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បើកម៉ូតូកង់បីមួយគ្រឿងពណ៌ក្រហមធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់អែបនឹងចិញ្ចើមផ្លូវមួយភ្លែត ខណៈនោះស្រាប់តែមានរថយន្តព្រូសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AB-9638មកពីក្រោយម៉ូតូកង់បីគាត់ពេញទំហឹងពីក្រោយបណ្ដាលឲ្យខ្ទាតទៅលើចិញ្ចើមផ្លូវបត់ជាពីរដាច់ចេញពីគ្នា ហើយរូបគាត់បានរងរបួសដៃជើងស្រាល។ ភ្លាមនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានបន្ថែមល្បឿនទៅមុខទៀតគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានជួយលើករុីម៉កម៉ូតូកង់បីដាក់លើម៉ូតូរួចរុញទៅផ្ទះជនគ្រោះ រួចប្រាប់ជនរងគ្រោះឲ្យទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ សុភាព