ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការប្រគល់ភារកិច្ចពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញប្រតិបត្តិការចែកម៉ាសក្រណាត់ ចំនួន២ម៉ឺនម៉ាស់ ដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ជូនចំនួន២លានម៉ាស់តាមរយៈសាលារាជធានីភ្នំពេញយកទៅចែកជូនប្រជាពលរដ្ឋតាមគោលដៅមួយចំនួន ដោយក្នុងម្នាក់ៗទទួលបានម៉ាសចំនួន២ សម្រាប់ធ្វើការផ្លាស់ប្តូរគ្នា ព្រោះម៉ាស់នេះមានប្រសិទ្ធភាពអាចប្រើប្រាស់បានច្រើនដង ដោយបោកទឹកហាលថ្ងៃយកមកប្រើប្រាស់វិញបាន។ ប្រជាពលរដ្ឋដែលអាវុធហត្ថរាជធានីភ្នំពេញចេញចែកម៉ាស់ជូនរួមមាន អ្នកធាក់ស៊ីក្លូ , អ្នករត់ម៉ូតូឌុប , ម៉ូតូកង់បី , កម្មករសំណង់ , អ្នកបោសសម្អាតតាមផ្លូវ , អ្នកលក់ដូរតាមកញ្ច្រែង , ប្រជាពលរដ្ឋដែលអង្គុយរង់ចាំនៅបរិវេណមុខមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យផ្សេងៗ អ្នកហាត់ប្រាណតាមទីសាធារណៈ និងអ្នកបើកបរម៉ូតូ កង់ តាមដងផ្លូវ…។ល។ ដោយប្រើប្រាស់មធ្យោបាយម៉ូតូកង់បីចំនួន១២គ្រឿង ចល័តតាមគោលដៅ តាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
សកម្មភាពចែកម៉ាសដល់ប្រជាពលរដ្ឋនាពេលនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឲ្យបញ្ចេញម៉ាសក្រណាត់ចំនួន២លានម៉ាស់ចេញពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និង បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់។
ដោយឡែកក្រៅពីការចែកម៉ាស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចងក្រងការណែនាំ អំពីវិធីប្រើប្រាស់ម៉ាស់ និងធ្វើការសង្ខេបនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធានការ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ធ្វើការផ្សព្វផ្សាយ រំលឹកដល់
សាធារណជន តាមរយៈឧគ្ឃោសនសព្ទ ដែលបំពាក់នៅលើម៉ូតូកង់បី ទាំង១២គ្រឿងផងដែរ៕
ដោយ៖ ចន្ទ លីហ្សា