អន្តរជាតិ៖ គ្រោះទឹកជំនន់នៅរដ្ឋធានីម៉ានីល (Manila) និងតំបន់មួយចំនួនទៀត នៅលើកោះ លូហ្សូន (Luzon) ដែលវាយប្រហារដោយព្យុះទីហ្វុងវ៉ាមកូ (Vamco) ដែលបានបោកបក់មកលើ ប្រទេសហ្វីលីពីន បង្កជាហេតុធ្វើឲ្យមនុស្សជាច្រើនជាប់គាំងនៅលើដំបូលផ្ទះ និងបានសម្លាញ់មនុស្សកើនឡើងដល់ ១៤នាក់ហើយ។
បើតាមសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញផ្សាយថា Vamco គឺជាព្យុះទីហ្វុងទី៣ ដែលបានបោកបក់មកលើប្រទេសហ្វីលីពីន នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ជាមួយកម្លាំងខ្យល់បករហូតដល់ ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះនេះបានបោកបក់កាត់កោះ Luzon ដែលជាកោះដ៏ធំបំផុត ស្ថិតនៅភាគខាងជើងប្រទេសហ្វីលីពីន។
បើតាមមន្ត្រីកាកបាទក្រហមរបស់ប្រទេសហ្វីលីពីន ប៉ូលីស យោធា និងអ្នកជួយសង្គ្រោះដទៃៗទៀតបានប្រើទូក ដើម្បីទៅជួយសង្គ្រោះដល់មនុស្សម្នាដែលកំពុងជាប់គាំង នៅលើដំបូលផ្ទះរបស់ពួកគេ នៅតំបន់ម៉ារីគីណា (Marikina) ដែលរងគ្រោះខ្លាំងជាងគេ ស្ថិតនៅតំំបន់ជាយរដ្ឋធានីម៉ានីល (Metro Manila) ខណៈដងផ្លូវមួយមួយចំនួន ទឹកបានលិចដល់ជិតត្រឹមកមនុស្សធំ។
សូមជម្រាបថា ព្យុះ Vamco ដែលបាននាំមកនូវខ្យល់បក់យ៉ាងសន្ធប់ លាយឡំជាមួយភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ។
ដោយឡែកបើតាមទិន្នន័យរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់តំបន់រងគ្រោះធ្ងន់ចំនួនពីរនៅលើកោះ Luzon យ៉ាងហោចណាស់មនុស្ស ១៤នាក់បានស្លាប់ និង ១៤នាក់ផ្សេងទៀតបានបាត់ខ្លួន ។ប៉ុន្តែទិន្នន័យពេញលេញសម្រាប់តំបន់ ដែលរងផលប៉ះពាល់ទាំងអស់នៅលើកោះនេះ មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ហើយចំនួនអ្នកស្លាប់ ទំនងជានឹងកើនឡើងថែមទៀត ខណៈអាជ្ញាធរកំពុងវាយតម្លៃលើការបំផ្លិចបំផ្លាញ ដោយព្យុះទីហ្វុង Vamco នេះ៕ដោយៈស តារា