គណបក្សកាន់អំណាចរបស់លោកស្រី អោង សានស៊ូជី នៅមីយ៉ាន់ម៉ាទទួលបានជ័យជម្នះក្នុងការបោះឆ្នោត មានកៅអីគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ សារព័ត៌មានWall Street Journal បានចុះផ្សាយថា គណបក្សសម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ បន្តដឹកនាំមីយ៉ាន់ម៉ា៥ឆ្នាំទៀតដើម្បីជួយឲ្យប្រជាធិបតេយ្យនៅក្នុងប្រទេសនេះកាន់តែរឹងមាំ។
មកទល់ពេលនេះការរាប់សន្លឹកឆ្នោតនៅតែបន្ត ក្រោយការបោះឆ្នោតនៅថ្ងៃទី៨ខែវិច្ឆិកា។ ប៉ុន្តែមកដល់ថ្ងៃទី១៣ ខែវិច្ឆិកាគណបក្សសម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់ លោកស្រី ស៊ូជី ទទួលបានកៅអីរហូតដល់ទៅ៣៤៦ក្នុងចំណោម៤៧៦កៅអីក្នុងរដ្ឋសភា។ តាមតួលេខរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត គណបក្សណាទទួលបានកៅអីចំនួន ៣២២ គឺគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលហើយ។
កាលពីឆ្នាំ២០១៥គណបក្សរបស់លោកស្រី ស៊ូជី បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ ។ កម្លាំងទាហានមីយ៉ាន់ម៉ាទទួលសិទ្ធិគ្រប់គ្រង ស្ថាប័នសំខាន់ៗរបស់ជាតិ។ ប៉ុន្តែការផ្លាស់ប្តូរនយោបាយ និងការជាប់ឆ្នោតរបស់លោកស្រីអាចនឹងជួយកែទម្រង់នយោបាយមីយ៉ាន់ម៉ាកាន់តែស៊ីជម្រៅថែមទៀត ។
តាមលទ្ធផលបោះឆ្នោតបង្ហាញឲ្យឃើញថា គណបក្សរបស់លោកស្រីស៊ូជី សង្ឃឹមថានឹងទទួលបានចំនួនកៅអីច្រើនជាងការបោះឆ្នោតកាលពីឆ្នាំ២០១៥។ជាមួយនិឹងលទ្ធផលខាងលើបង្ហាញឲ្យឃើញថា លោកស្រីស៊ូជី នៅតែមានប្រជាប្រិយភាពខ្ពស់ ទទួលបានការស្រឡាញ់ពីពលរដ្ឋមីយ៉ាន់ម៉ា។
ប៉ុន្តែឥទ្ធិពលរបស់លោកស្រីបានធ្លាក់ចុះនៅក្រៅប្រទេស ដោយសារតែបញ្ហាជនជាតិភាគតិចរ៉ូហិុីងយ៉ា(Rohingya) នៅក្នុងរដ្ឋរាឃីន៕