មន្ត្រីរដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃទី១៤ខែវិច្ឆិកា បានប្រកាសថាព្យុះVamco បានសម្លាប់មនុស្សដល់ទៅ៥៣នាក់ នៅក្នុងប្រទេសនេះ ជាមួយគ្នានេះនៅមានអ្នកបាត់ខ្លួន២២នាក់។ ចំណែកអ្នករងរបួសដោយព្យុះខាងលើកើនឡើងដល់៥២នាក់ផងដែរ។
លោក Manuel Mamba អភិបាលខេត្ត Cagayan បានអំពាវនាវរកជំនួយតាម ប្រព័ន្ធផ្សព្វផ្សាយ DZMM ដោយលោកបញ្ជាក់ថា«នេះជាលើកទីមួយដែលយើង ទទួលរងការបំផ្លាញដោយគ្រោះធម្មជាតិធ្ងន់បំផុត។ កម្លាំងជួយសង្គ្រោះ បានខិតខំធ្វើការហួសពីសមត្ថភាពរបស់ខ្លួនហើយ ។ ខេត្ត Cagayan បានប្រែក្លាយទៅជាសមុទ្រភក់»។
ខេត្តCagayan មានពលរដ្ឋរស់នៅប្រមាណ១លាន២សែននាក់ បានទទួលរងការវាយប្រហារដោយគ្រោះទឹកជំនន់ ទ្រង់ទ្រាយធំបំផុត ក្នុងពេលដែលទំនប់ទឹក Magat បានបង្ហូរទឹកចេញនៅថ្ងៃទី១៣ខែវិច្ឆិកា។ ពលរដ្ឋក្នុងតំបន់បានអំពាវនាវឲ្យមានជំនួយពីរដ្ឋាភិបាល ។ នៅថ្ងៃទី ១៤ខែវិច្ឆិកានេះ នៅមានមនុស្ស១៤ពាន់នាក់ បានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។
ព្យុះ Vamco គឺជាព្យុះទី២១ហើយដែលវាយប្រហារចូលទៅកាន់ ដីគោកប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០២០។ នៅទីក្រុងម៉ានីលក៏មានពលរដ្ឋរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ។
ព្យុះVamco ជាព្យុះទី២១នៅហ្វីលីពីន ពេលចូលដល់វៀតណាមគឺជាព្យុះទី ១៣ដោយមានកម្លាំងខ្លាំងជាងការព្យាករណ៍ ដោយមានល្បឿនខ្យល់ជាង១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង៕