ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រង់ចំណុចផ្លូវលេខ៣២០ កែងនិងផ្លូវលេខ១០៥ នៅខុនដូមួយកន្លែង ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីនារីវ័យក្មេងម្នាក់ បានរងនូវអំពើហឹង្សារងរបួសធ្ងន់ពេញផ្ទៃមុខ ដោយសារបុរសជនជាតិចិនជាសង្សាម្នាក់ វាយដំស្ទើររាល់ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅជួយធ្វើអន្តរគមន៍ផងដែរ។
នារីរងគ្រោះមានឈ្មោះ លីន យ៉ាង អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាបូបតាមអនឡាញ មានស្រុកកំណើត នៅខេត្តព្រៃវែង រងរបួសបែកមុខមាត់សន្លប់ស្តូកស្តឹង រីអ្នកបង្កហិង្សា គឺជាសង្សានឹងគ្នាជាជនជាតិចិន មិនទាន់ស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុរត់គេចខ្លួនបាត់។
បើតាមសម្ដីមិត្តភក្កិនារីរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយនារីរងគ្រោះ បានតេហៅរូបគាត់ឲ្យមកជួយ ដោយបានប្រាប់គាត់ថា សង្សាបានវាយធ្វើបាបគាត់ បន្ទាប់មកគាត់ក៏បានមកដល់ ហើយបើកទ្វារសួរនាំ និងឃើញសម្ភាររាយប៉ាយអីវ៉ាន់ពាសពេញបន្ទប់ ហើយជនរងគ្រោះដេកសន្លប់នៅលើឥដ្ឋ ។ បន្ទាប់មកគាត់ក៏បាន គ្រាចុះមកក្រោមទើបបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង ។
ប្រភពដដែល បានបន្តថា នារីរងគ្រោះបានស្រឡាញ់គ្នាជាមួយនឹងជនជាតិចិន មិនបានរៀបការត្រឹមត្រូវនោះទេ ដោយបានរួមរស់ជាមួយគ្នា៣ទៅ៤ខែតែប៉ុណ្ណោះ ហើយនារីរងគ្រោះ បានរងនូវអំពើហិង្សា ច្រើនលើកច្រើនសាររួចមកហើយ បើតាមមិត្តភក្តិរបស់ជនបង្កបានប្រាប់ថា លឺសូរតែសំឡេងវាយដំ ។ ហើយនៅពេលនេះ នារីរងគ្រោះមានផ្ទៃពោះបីខែផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចក៏មកដល់កន្លែងកើតហេតុ បានទៅមើលនារីរងគ្រោះ ដល់មន្ទីរពេទ្យ ហើយក៏រង់ចាំពេលព្រឹក នឹងចូលទៅសួរនាំជនជាតិចិននោះ ដើម្បីយកមកអនុវត្ត តាមនីតិវិធីនៃច្បាប់៕ដោយ៖សហការី