បញ្ជូនមេខ្លោងគ្រឿងញៀន ម្នាក់ និងថ្នាំជាង១គីឡូក្រាម ទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់និងថ្នាំញៀនជាង១គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមច្បាប់កាលពីថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបង្រ្កាបបានកនៅថ្ងៃទី១៣ ខែ វិច្ឆិកា នេះ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនរួមជាមួយលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន បានធ្វើការបង្ក្រាបមេខ្លោងគ្រឿងញៀនម្នាក់ និងដកហូតថ្នាំជាង១គីឡូក្រាម។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានបើកស៊ើបអង្កេតស្រាវជ្រាវ ទើបឈានដល់ការបង្ក្រាបនៅចំណុចភូមិត្រពាំងលើ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចជំនាញបានឲ្យដឹងទៀតថាជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀន ១នាក់ដែលឃាត់ខ្លួនបាន មានឈ្មោះ ប៊ុន ចាន់ដារ័ត្នអាយុ ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងលើ សង្កាត់រកាធំ ក្រុងច្បារមន។ នៅពេលនោះកម្លាំងសមត្ថកិច្ចក៏បានដកហូតសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ជាង១គីឡូក្រាមផងដែរ។

ចំណែកជនសង្ស័យរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញសាកសួរ និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមច្បាប់រួចហើយកាលពីថ្ងៃទី១៥ ខែ វិច្ឆិកា នេះ៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print