ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ ២រូបគឺលោក ខាត់ ជេមស៍ និងកញ្ញា យូរី បានសម្រេចចិត្តស្ពាយបង្វិចចូលជ្រកក្រោមដំបូលផលិតកម្មហង្សមាសហើយ។ ខណៈដែលយូរីនឹងបញ្ចេញបទចម្រៀងថ្មីនៅថ្ងៃនេះ ហើយលោកខាត់ ជេមស៍ នឹងបង្ហាញមុខនៅពេលដ៏ខ្លីនេះផងដែរ។
ប្រភពពីផលិតករម្នាក់ក៏បង្ហើបដែរថា ក្រៅពីយូរី ផលិតកម្មយក្សហង្សមាស ក៏នឹងបញ្ចេញមុខតារាចម្រៀង ខាត់ ជេមស៍នៅពេលដ៏ខ្លីខាងមុខផងដែរ។ មានការលើកឡើងដែរថា ខាត់ជេមស៍មានសំឡេងល្អប្រជាប្រិយក៏មិនធម្មតាដែរ បើទោះបីជាពេលនេះលោកទើបនឹងបញ្ចេញបទចម្រៀងក្តៅនៅផលិតកម្មសាន់ដេគឺបទ” មាននឹកExម្នាក់នេះទេ?” ក៏ដោយ។ ប្រភពថា ការចចាររវាងផលិតកម្មនិង ខាត់ជេមស៍គឺបានសម្រេចរួចរាល់ហើយ ដែលត្រៀមតែបញ្ចេញបទថ្មីប៉ុណ្ណោះ ដែលជាយុទ្ធសាស្ត្រ បន្ថែមទីផ្សារគាំទ្រពីទស្សនិកជន ក្រោយពីតារាចម្រៀងព្រាប សុវត្ថិ ប្រកាសចាកចេញពីផលិតកម្មនេះកាលពីអំឡុងចុងខែសីហានោះ ហើយបើទោះបីជាការទាញតារាចម្រៀងទាំងពីរមិនអាចស្មើនឹងទំហំនៃការចាកចេញរបស់តារាចម្រៀងព្រាប សុវត្ថិមែន ប៉ុន្តែក៏ជាការបង្ហាញសាច់ដុំថ្មី។
ការលេចវត្តមានរបស់អ្នកទាំងពីរនឹងត្រូវបានគេរំពឹងថាអាចឆក់បានការគាំទ្រកាន់តែច្រើនក្រោយពីឈានជើងឡើងដល់ផលិតកម្មនាំមុខនៅកម្ពុជានោះ។ កន្លងទៅ យូរី មិនដែលបង្ហើបអំពីការចូលច្រៀងក្នុងផលិតកម្មថ្មីនោះទេ ប៉ុន្តែពេលនេះនាងត្រូវបានគេទម្លាយហើយថាបានចូលច្រៀងក្នុងផលិតកម្មហង្សមាស១០០ភាគរយ ខណៈដែលបទចម្រៀងរបស់នាងនឹងត្រូវបញ្ចេញនៅថ្ងៃចន្ទទី១៦ ខែវិច្ឆិកានេះហើយ។ ដំណឹងនេះបានលេចធ្លាយក្រោយពីវីដេអូបើកក្បាលបទភ្លេងដែលមានតារាស្រីម្នាក់រាំគ្រវីយ៉ាងរស់រវើក ប៉ុន្តែមិនបង្ហាញឈ្មោះតារាចម្រៀង និងស្នើឲ្យទស្សនិកជនទសទាយ ។ វីដេអូនេះត្រូវបានបញ្ចេញដោយផលិតកម្មហង្សមាស ហើយត្រូវបានអ្នកគាំទ្រជាច្រើនក៏អាចទាយដឹងថាជាតារាចម្រៀងរូបណាដែរ គឺកញ្ញា យូរី តែម្តង។ ទន្ទឹមគ្នានេះដែរ អ្នកបម្រើការងារម្នាក់ក្នុងផលិតតកម្មនេះក៏បញ្ជាក់ដែរថា ពិតជាតារាចម្រៀង យូរី មែន។ ទោះជាយ៉ាងណាគេនៅមិនទាន់អាចបញ្ជាក់បន្ថែមពីតារាចម្រៀងយូរីដោយផ្ទាល់បាននៅឡើយ៕
ដោយ៖ វឌ្ឍនា