លោកស្រី Michele Flournoy ជាបេក្ខភាពសម្រាប់ដំណែងរដ្ឋមន្ត្រីការពារជាតិ អាមេរិក ក្នុងរដ្ឋាភិបាលថ្មី របស់លោកបៃឌិន។ លោកស្រីត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានាចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលកន្លងមក។
ប្រសិនបើលោកស្រី Michele Flournoy ត្រូវបានតែងតាំងធ្វើជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាមេរិក និងក្លាយជាស្ត្រីដំបូងបង្អស់ដឹកនាំមន្ទីរ ប៉ង់តាហ្គោល(មន្ទរបញ្ចកោណ)។ លោកស្រីមានទស្សនៈនយោបាយផ្សះផ្សា អាចនឹងជួយដល់អាមេរិក មិនមានសង្គ្រាមជាមួយប្រទេសផ្សេងទៀតឡើយ ។
លោកស្រី Michele Flournoy កើតនៅថ្ងៃទី 14/12/1960 លោកស្រីបញ្ចប់ បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ហាវ៉ាដ (Harvard)។ លើសពីនេះទៀតលោកស្រី បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យ Oxford នៅឆ្នាំ ១៩៨៣។
ចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ លោកស្រីជាអ្នកស្រាវជ្រាវ ក្នុងកម្មវិធីសន្តិសុខអន្តរជាតិ នៃមហាវិទ្យាល័យ Harvard ។ នៅឆ្នាំ១៩៩០ លោកស្រីបានចាប់ផ្តើមធ្វើការនៅមន្ទីរបញ្ចកោណ ក្នុងរដ្ឋកាលដឹកនាំរបស់ អតីតប្រធានាធិបតីប៊ីលគ្លីនតុន។ លោកស្រីធ្លាប់ជាជំនួយការផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកយុទ្ធសាស្ត្រ ។
លោកស្រី Michele Flournoy ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ នៅឆ្នាំ២០០៩ ក្រោមរដ្ឋកាលរបស់អតីតប្រធានាធិបតីអូបាម៉ា នៅពេលនោះលោកស្រីជា អ្នករៀបគម្រោង ពាក់ព័ន្ធសង្គ្រាម អុីរ៉ាក់ និងអាហ្វហ្គានីស្ថាន។ លោកស្រីបានក្លាយជាស្ត្រីដែលមានឥទ្ធិពលបំផុតក្នុងក្រសួងការពារជាតិ៕