ស្លាប់១នាក់! ដោយសារជិះម៉ូតូបុកគោយន្តកន្រ្តៃនៅលើកំណាត់ផ្លូវជាតិលេខ៥៥

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរស១នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្ដកន្រ្តៃ ខណៈដែលអ្នកបើកបរគោយន្ដបើកថយឡើងលើផ្លូវពេលយប់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ និឹងគោយន្ដកន្ត្រៃបណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់ភ្លាមៗខាងលើ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទី ល្ងាចថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញឈ្មោះ ហីុម ធារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បានបញ្ឆេះគោយន្ត១គ្រឿងម៉ាកគូបូតា ពណ៌ទឹកក្រូចដែលចតនៅចិញ្ចើមផ្លូវ ដោយបើកថយក្រោយពីត្បូងទៅជើង(ឡើងលើផ្លូវ)ស្របគ្នានោះមានអ្នកបើកម៉ូតូក្នុងទិសដៅពីកើតឆ្ពោះទៅលិចក្នុងល្បឿនលឿនគួរសមបានជ្រុលទៅបុកចំពីហៀងពេញទំហឹង បណ្ដាលឲ្យបុរសភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ប្រភពរាយការណ៍ដដែលបន្តទៀតថា ភាគីជនរងគ្រោះ(ស្លាប់)ឈ្មោះ អេម សុភា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ។

ប្រភពបញ្ជាក់បន្ថែមទៀតថា ករណីនេះមន្រ្តីនគរបាលជំនាញបានចុះពិនិត្យ និងស្រាវជ្រាវជុំវិញហេតុការណ៍ដើម្បីធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ។ ចំណែកវត្ថុតាងរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីធ្វើការដោះស្រាយជាបន្ត ៕ ដោយ៖ បុឹម ពិន

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print