អេស្ប៉ាញបំបាក់អាល្លឺម៉ង់ ៦-០ ស្គាល់រសជាតិចាញ់លើកទី១នៅ National League

ចែករំលែក៖

ក្រុមជម្រើសជាតិអេស្ប៉ាញបានធ្វើឲ្យក្រុមជម្រើសអាល្លឺម៉ង់ស្គាល់រសជាតិចាញ់ជាលើកដំបូងក្នុងការប្រកួតពានរង្វាន់ National League កាលពីរាត្រីថ្ងៃទី១៧ឈានចូលថ្ងៃទី១៨ វិច្ឆិកា ដោយការយកឈ្នះមិនគួរឲ្យជឿក្នុងលទ្ធផល ៦ទល់០។

ក្រុមអេស្ប៉ាញបានគ្រប់គ្រងបាល់រហូតដល់៧០ភាគរយ ខណៈដែលអាល្លឺម៉ង់មានតែ៣០ភាគរយប៉ុណ្ណោះ ហើយការស៊ុតបាល់វិញមានឱកាសតែ២ដងប៉ុណ្ណោះ ដោយអេស្ប៉ាញមានរហូតដល់២៣ដង។ ការចាញ់របស់អាល្លឺម៉ង់នេះធ្វើឲ្យអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាល្លឺម៉ង់លោក Joachim Low ត្រូវបានផ្តល់ឱកាសដើម្បីកសាងក្រុមឡើងវិញបន្ទាប់ពីត្រូវបានជម្រុះចេញកាលពីព្រឹត្តិការណ៍ World Cup 2018 ក្នុងវគ្គចែកពូល ប៉ុន្តែជាមួយនឹងក្រុមរបស់លោកឈរនៅចំណាត់ថ្នាក់លេខ១៣ នៅលើពិភពលោក បានបង្ហាញថា លោកមានការងារសំខាន់ៗត្រូវធ្វើមុនពេលរៀបចំព្រឹត្តិការណ៍យូរ៉ូ ដែលត្រូវបានរៀបចំឡើងនៅឆ្នាំក្រោយ

៦គ្រាប់របស់ក្រុមជម្រើសអេស្ប៉ាញរកបានដោយកីឡាករ Morata នៅនាទីទី១៧, គ្រាប់ទី២រកបានដោយកីឡាករ Ferran Torres នៅនាទីទី៣៣, គ្រាប់ទី៣រកបានដោយកីឡាករ Rodri នៅនាទីទី៣៨, គ្រាប់ទី៤និងទី៥រកបានដោយកីឡាករ Ferran Torres ដដែលនៅនាទីទី៥៥ និងនាទីទី៧១ និងគ្រាប់ទី៦រកបានដោយកីឡាករ Mikel Oyarzabal នៅនាទីទី៨៩ជិតចប់ការប្រកួត។

លទ្ធផលនេះធ្វើឲ្យខ្សែបម្រើស្លាបក្រុម Man City កីឡាករ FerranTorres ក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួតដោយរកបាន៣គ្រាប់ម្នាក់ឯង និងជាកីឡាកររកគ្រាប់បាល់បញ្ចូលទីក្នុងអាជីពជាលើកទី១ របស់ខ្លួនឲ្យជម្រើសជាតិអេស្ប៉ាញ

ក្រៅពីគូប្រកួតសំខាន់មួយនេះក៏មានលទ្ធផលគូខ្លាំងមួយចំនួនដែរក្នុងនោះក្រុមជម្រើសជាតិអតីតម្ចាស់ជើងឯកយូរ៉ូព័រទុយហ្គាល់បានយកឈ្នះក្រុមម្ចាស់ផ្ទះ និងជាអតីតម្ចាស់ជើងឯករង World Cup ក្រូអាត ដោយលទ្ធផល៣ទល់២។

ចំណែកក្រុមអតីតម្ចាស់ជើងឯកពិភពលោកមាន់គកបារាំងបានយកឈ្នះក្រុមភ្ញៀវស៊ុយអែតក្នុងលទ្ធផល ៤ទល់២ ដែលធ្វើឲ្យក្រុមនេះបង្ហាញភាពខ្លាំងរបស់ខ្លួនមុនជំនួបជម្រុះយូរ៉ូចូលមកដល់នៅឆ្នាំក្រោយ។

សម្រាប់ការប្រកួតបន្តនៃពានរង្វាន់ National League នៅថ្ងៃនេះគឺមានប៊ូស្នៀប៉ះអុីតាលីប៉ូឡូញប៉ះហុល្លង់បែលហ្ស៊ិកប៉ះដាណឺម៉ាក និងអង់គ្លេសប៉ះអ៊ីស្លង់ដែលនឹងត្រូវប្រកួតនៅវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ វិច្ឆិកានេះ ៕

     

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print