ខេត្តរតនគិរី៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីលោកសូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ លោកហ៉ី សុភាព អធិការរង និងលោកចរ ប៊ុនសៃ នាយផ្នែកទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវដឹកនាំដោយលោកជួប វណ្ណារក្ស អធិការនគរបាលស្រុក ក្រោមការសម្របសម្រួលពីលោករ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីបានចុះឆែកឆេរលំនៅឋានរបស់ឈ្មោះឆាន់ រិទ្ធី (ហៅស្តុក) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ក្រោយការស្រាវជ្រាវនិងឆែកឆេររួចមក កម្លាំងចម្រុះបានរកឃើញវត្ថុតាងសារធាតុញៀនជាច្រើនកញ្ចប់នៅក្នុងផ្ទះជនសង្ស័យខាងលើ។ បន្ទាប់មកសមត្ថ
កិច្ចក៏ឈានដល់ឃាត់ខ្លួនម្ចាស់ផ្ទះរួមនិឹងបក្សពួកពីរនាក់ផ្សេងទៀតតែម្តង។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ឆាន់ រិទ្ធី (ហៅស្តុក)ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី។ ជនសង្ស័យទី២ឈ្មោះ អ៉ីន សុខសាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី
និងជនសង្ស័យទី៣ឈ្មោះ ម៉ុន ហេង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចបានឃើញនិងដកហូតបាននោះរួមមាន ម្សៅក្រាម
ពណ៌សសង្ស័យជាថ្នាំញៀនចំនួន២១កញ្ចប់តូច និង១កញ្ចប់ធំ រួមនឹងប្រដាប់ប្រដាសម្រាប់សេពគ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន៤គ្រឿងនិងបណ្ណសារព័ត៌មានចំនួន១សន្លឹក, រថយន្តកាមរីឆ្លាមពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2H-4382 ចំនួន១គ្រឿង ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់ទៅសាលាដំបូងខេត្តរតនគិរីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ មាស សុផាត