អេស្ប៉ាញ, បារាំង, អុីតាលី និងបែលហ្ស៊ិកឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ National League

ចែករំលែក៖

ការប្រកួតពានរង្វាន់ National League កាលពីរាត្រីថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ វិច្ឆិកានេះបានបញ្ចប់ហើយដោយរកឃើញ២ក្រុមទៀតឡើងវគ្គផ្តាច់ព្រ័ត្រគឺក្រុមជម្រើសជាតិអុីតាលី និងក្រុមជម្រើសជាតិបែលហ្ស៊ិក ខណៈដែលអេស្ប៉ាញ​ និងបារាំងប្រកួតរួចហើយកាលពីម្សិលមិញ ។

ក្រុមជម្រើសជាតិអុីតាលីបានយកឈ្នះក្រុមជម្រើសជាតិម្ចាស់ផ្ទះប៊ូស្នៀដោយលទ្ធផល២ទល់០ ដោយ១គ្រាប់រកបាននៅតង់ទី១ និង១គ្រាប់ទៀតរកបាននៅតង់ទី២។ គ្រាប់ទី១រកបានដោយកីឡាករ Belotti នៅនាទីទី២២ និងគ្រាប់ទី២រកបានដោយកីឡាករ Berardi នៅនាទីទី៦៨។ លទ្ធផលនេះធ្វើឲ្យអុីតាលីឈរលេខ១ក្នុងពូលមានឱកាសឡើងវគ្គផ្តាច់ព្រ័ត្រ។

ចំណែកក្រុមជម្រើសជាតិបែលហ្ស៊ិកបានយកឈ្នះក្រុមភ្ញៀវដាណឺម៉ាកក្នុងលទ្ធផល៤ទល់២ ឡើងទៅឈរលេខ១ក្នុងពូលដែរ បានកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រជាមួយអុីតាលី។ ៤គ្រាប់របស់ក្រុមបែលហ្ស៊ិករកបានដោយកីឡាករ Tielemans នៅនាទីទី៣, គ្រាប់ទី២ និងទី៣រកបានដោយកីឡាករ Lukaku នៅនាទីទី៥៧ និងនាទីទី៦៩ និងគ្រាប់ចុងក្រោយរកបានដោយខ្សែបម្រើ De Bruyne នៅនាទីទី៨៧ជិតចប់ការប្រកួត។ រីឯក្រុមដាណឺម៉ាករកបាន២គ្រាប់សងវិញដោយកីឡាករ Wind នៅនាទីទី១៧ និងគ្រាប់ទី២ជាការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករបែលហ្ស៊ិកដោយកីឡាករ Chadli នៅនាទីទី៨៦។

លទ្ធផលខាងលើនេះធ្វើឲ្យក្រុមអុីតាលី និងបែលហ្ស៊ិកឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយបារាំង និងអេស្ប៉ាញនៅដើមឆ្នាំ២០២១ខាងមុខ។

ក្រៅពីគូប្រកួតខាងលើក៏មានលទ្ធផលគូខ្លាំងៗមួយចំនួនទៀតដូចជា ក្រុមហុល្លង់បានយកឈ្នះក្រុមម្ចាស់ផ្ទះប៉ូឡូញ២ទល់១, អង់គ្លេសបានយកឈ្នះក្រុមភ្ញៀវអ៊ីស្លង់៤ទល់០, វែលបានយកឈ្នះក្រុមភ្ញៀវហ្វាំងឡង់៣ទល់១, ស៊ែប៊ីយកឈ្នះរុស្ស៊ី៥ទល់០, ហុងគ្រីយកឈ្នះទួរគី២ទល់០ និងសាធារណរដ្ឋឆេកយកឈ្នះស្លូវ៉ាគី២ទល់០ជាដើម ៕ដោយ៖ភារៈ

...

         

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print