ខេត្តសៀមរាប៖ អភិបាលស្រុកបន្ទាយស្រី ដ៏ វ័យក្មេង លោក ឃឹម ហ្វីណង់ បានរៀបចំបឹងធម្មជាតិ ក្លាយរមណីយដ្ឋានផ្ទះស្នាក់បៃតង មើលទៅគួរឱ្យទាក់ទាញមិនចាញ់ផ្កា Lavender របស់បរទេសឡើយ តាមរយៈការប្រឹងប្រែងរបស់លោកលើយន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
លោក ឃឹម ហ្វីណង់ បានសំណេរថា៖ «ត្រកៀតផ្កាកំប្លោក»៖ សម្រស់បុប្ផាជនបទ “ស្អាតហើយឆ្ងាញ់” កំពុងតែរីកឡើងយ៉ាងរហង់នៅក្នុងបឹងមួយនៃរមណីយដ្ឋានផ្ទះស្នាក់បៃតង មើលទៅគួរឱ្យទាក់ទាញមិនចាញ់ផ្កា Lavender របស់បរទេសឡើយ។
លោកអភិបាលស្រុកថ្លែងថា៖ ធម្មតាគេកាត់យកផ្កាទាំងនេះទៅលក់ ឬយកទៅធ្វើជាអន្លក់ហូបជាមួយទឹកគ្រឿង តែម្ចាស់រមណីយដ្ឋានប្រាប់ថា លើកនេះមិនកាត់លក់ទេ ទុកគ្រាន់ពុកម៉ែបងប្អូនមកថតរូបលេងកម្សាន្ត! ។ លោកថា៖ ទៅលេងបន្ទាយស្រី ផ្ទះស្នាក់បៃតង , ផ្កាកំប្លោក។
សូមបញ្ជាក់ថា៖ កំប្លោក ឬត្រកៀតប៉ោង
ជាស្មៅទឹកពួកត្រកៀត ភិនភាគដូចត្រកៀត ប៉ុន្ដែកាលដែលនៅតូច មានពកផ្ដួចជាប្លោកប៉ោងឡើង បន្ទាប់មកទើបបែកចេញពន្លកជាស្លឹក ព្រោះហេតុនោះទើបហៅថា ត្រកៀតប៉ោង ។ ត្រកៀតមានប្រយោជន៍ច្រើនយ៉ាងណាស់ គឺផ្កាដែលអ្នកខ្លះយកធ្វើជាអន្លក់ ចំនែកឯធាងវាគេប្រើជាបន្លែក៏បាន។ ធាង និងស្លឹកស្រស់គេប្រើជាចំណីឲ្យគោ ក្របីស៊ី។ ធាងវាបើកាត់ហាលថ្ងៃឲ្យស្ងួតហើយប្រើការបានច្រើនប្រភេទ គឺវេញខ្សែចំណង ខ្សែចែវ ធ្វើអង្រឹង ធ្វើកន្ទេល ធ្វើសំពៀត ។ល។
កំប្លោកមានគ្រប់ទិសទីនៅតាមទីកន្លែងដែលមានទឹក ដូចជាស្រះជាដើម ហើយបានកើតកូនកើតចៅច្រើនស្ទើពេញស្រះតែម្តង។
បើនិយាយពីសម្រស់វិញនោះ គឺថាពិតជារុក្ខជាតិដែលដុះលើផ្ទៃទឹកយ៉ាងស្រស់ស្អាតមែនទែន។
ផ្កាហ្នឹងរីកបានជិតមួយខែ ហើយអស់ម្តងប្រហែលមួយអាទិត្យក្រោយរីកម្តងទៀត ម្ចាស់កន្លែងគាត់និយាយថាអត់កាត់ទេទុកអោយភ្ញៀវដែលមកកំសាន្តថតរូបលេង ។
សូមរំឮកថា៖ ទីតាំងផ្កាកំប្លោកនេះ គឺនៅផ្ទះស្នាក់បៃតង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕
ដោយ៖ សិលា