ភ្នំពេញ ៖ ពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់ ខណៈយុវជន២នាក់បានដាច់កស្លាប់នៅកៀកគ្នាលេីម៉ូតូមួយគ្រឿង និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាចេញពីផឹកស្រាក្រឡុកក្នុងល្បឿនលឿនហើយជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរុឺម៉កពីក្រោយពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចខាងក្រោយមន្ទីរពេទ្យឯករាជ្យប្រមាណ៣០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះទី១មានឈ្មោះ តេង អាយុប្រហែល២០ឆ្នាំ មុខរបរដឹកទឹកសុទ្ធ ស្នាក់នៅម្ដុំផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៏សែនជ័យ និងមានស្រុកកំណើតនៅខេត្តព្រៃវែង និងជនរងគ្រោះទី២មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
បេីតាមសម្ដីមិត្តភក្តិរបស់សពជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនទាំង៣នាក់ខាងលេីបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1C-3687 ជិះចេញពីផឹកស្រាក្រឡុកម្តុំកាណាឌីយ៉ា ក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរុឺម៉ក ក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ3A-1534 ដែលចតលើចំណីផ្លូវមុខរោងចក្រពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដាច់ ក ស្លាប់២នាក់គរគ្នាលើម៉ូតូគួរឲ្យរន្ធត់បំផុត និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ភ្លាមៗនោះដែរតៃកុងរថយន្តហុីយ៉ាន់ដាយឃើញសភាពការណ៍មិនស្រួលបានបើករថយន្តចេញពីកន្លែងកើតហេតុបាន៣០០ម៉ែត្រក៏សម្ងំដេកក្នុងកាប៊ីនរថយន្តធ្វើដូចជាមិនដឹងមាមរឿងអ្វីកេីតឡេីង តែជាថ្ងៃស៊យដែរត្រូវសមត្ថកិច្ចឃាត់ខ្លួនដដែល ។
ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចមូលដ្ឋានបានដឹកតៃកុងរថយន្តខាងលេីយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ រង់ចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញចាត់ការតាមច្បាប់។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ជីម ភារ៉ា