ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌបន្សល់ទុកពីសម័យសង្រ្គាមមិនទាន់ផ្ទុះនៅក្នុងដីស្រែចម្ការរបស់ខ្លួនក៏បានរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានទៅដោះយកទៅរក្សាទុកឲ្យបានគត់មត់។
បន្ទាប់ពីទទួលរបាយការណ៍ភ្លាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់-CMAC)ខេត្តកំពង់ឆ្នាំង ចំនួន ០២នាក់ ទៅសហការជាមួយកម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់ មកធ្វើការប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
ទាំងនោះយ៉ាងប្រុងប្រយ័ត្ន។
សកម្មភាពនេះបានធ្វើនៅ២ឃុំ គឺ ឃុំត្រងិល មានចំនួន ៣គ្រាប់ ប្រភេទក្បាលគ្រាប់ ៦០មិល្លីម៉ែត្រ និងនិងឃុំសំរោងសែន ស្រុកសង្គមមានជ័យ មាន ០១គ្រាប់ ប្រភេទ B ៤០ ។
មន្រ្តីស៊ីម៉ាក់បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រសិនបើប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសូមកុំប៉ះពាល់ និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន
ឬអង្គភាពស៊ីម៉ាក់ម៉ាក់ទៅដោះយករក្សាទុកឬកម្ទេចចោលនៅកន្លែងកើតហេតុ៕
ដោយ÷ប្រាថ្នា