រឿងព្រេងខ្មែរ÷ រឿងបុរសមានកូន៤នាក់រៀនវិជ្ជា៤បទ

ចែករំលែក៖

មាន​បុរស​ម្នាក់​មាន​កូន​ប្រុស ៤ នាក់​បាន​សិក្សា​វិជ្ជា ៤ បទ ស្ទាត់​ជំនាញ​រៀង​ខ្លួន គឺ​ម្នាក់​ចេះ​ស៊ី, ម្នាក់​ចេះ​ដេក, ម្នាក់​ចេះ​កាត់​ក្ដី ម្នាក់​ទៀត​ចេះ​ចង់​ស្រី ។ ឪពុក​ក៏​យក​កូន​ទាំង ៤ នាក់​ទៅ​ថ្វាយ​ស្ដេច​ ក្រាប​អំពី​វិជ្ជា​នីមួយ​ៗ ក្នុង​ខណៈ​ដែល​ថ្វាយ​នោះ ។ ស្ដេច​ទ្រង់​រក្សា​ទទួល​ទុក ។ ថ្ងៃ​មួយ ស្ដេច​ទ្រង់​ពិសោធ​បុរស​ម្នាក់ ដែល​ចេះ​ស៊ី​ជា​មុន, ឲ្យ​គេ​រៀប​ភោជនាហារ​ជា​ច្រើន​មុខ ស្ដេច​ដួស​ទឹក​ឆៅ​មួយ​ក្រចក ដាក់​ទៅ​ក្នុង​ចាន​សម្ល​មួយ ហើយ​ទ្រង់​ប្រាប់​ទៅ​បុរស​នោះ​ថា «ឲ្យ​ស៊ី​ភោជនាហារ​គ្រប់​មុខ» ។ បុរស​នោះ​ក៏​បរិភោគ​តាម​ព្រះ​រាជ​បញ្ជា, ដល់​ទៅ​សម្ល​មួយ​មុខ ដែល​ស្ដេច​បាន​ដាក់​ទឹក​ឆៅ​មួយ​ក្រចក​ចូល​នោះ បុរស​នោះ​មិន​បរិភោគ ។ ស្ដេច​សួរ​បុរស​នោះ​ថា «ហេតុ​ម្ដេច​បាន​ជា​ចៅ​ឯង មិន​បរិភោគ​សម្ល​នេះ ?» ។ បុរស​នោះ​ក្រាប​ទូល​ថា «សម្ល​នេះ​មាន​ទឹក​ឆៅ​មួយ​ក្រចក​នៅ​ក្នុង​នោះ បាន​ជា​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ មិន​ទទួល​ព្រះ​រាជ​ទាន» ។ ស្ដេច​នឹក​ក្នុង​ព្រះទ័យ​ថា« បុរស​នេះ​ចេះ​វិជ្ជា​ខាង​ស៊ី​ស្ទាត់​​មែន » ។ អំពី​នោះ​ទៅ ស្ដេច​ទ្រង់​ពិសោធ​បុរស​ចេះ​ដេក​ទៀត ទ្រង់​ឲ្យ​រៀប​ទី​កន្លែង​យ៉ាង​ស្អាត មាន​ពូក​កម្រាល​ក្រាល​ពី​លើ ។ ស្ដេច​យក​សក់​មួយ​សរសៃ ទៅ​ដាក់​ក្រោម​កម្រាល​ពូក​នោះ ដល់​ពេល​យប់ ទ្រង់​ហៅ​បុរស​នោះ​ឲ្យ​ទៅ​ដេក ។ បុរស​ប្រះ​ដេក​ទៅ​ក្រោក​ឡើង​វិញ​ភ្លាម ។ ស្ដេច​ទ្រង់​សួរ​ថា «ហេតុ​ម្ដេច​បាន​ជា​ដេក​ហើយ​ក្រោក​ឡើង​វិញ ?» ។ បុរស​នោះ​ក្រាប​ទូល​ថា «មាន​សក់​មួយ​សរសៃ​នៅ​ក្នុង​ដំណាក់​នោះ បាន​ជា​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ក្រោក»ស្ដេច​ទ្រង់​នឹក​សរសើរ​ក្នុង​ព្រះ​ទ័យ​ថា «បុរស​នោះ​ស្ទាត់​ខាង​វិជ្ជា​ដេក​ប្រាកដ​មែន​» ។ ថ្ងៃ​មួយ មាន​បុរស​ម្នាក់​ស្លាប់​នៅ​កណ្ដាល​វាល គ្មាន​ភិន​ភាគ​ស្លាក​ស្នាម​អ្វី នៅ​រូប​កាយ​នោះ​សោះ។ ស្ដេច​ទ្រង់​បង្គាប់​ឲ្យ​តុលាការ​មុខ​ក្រសួង​ ស៊ើប​សួរ​រក​ហេតុ​នោះ ក៏​ពុំ​ឃើញ, ទ្រង់​ព្រះ​វិតក្ក​ក្នុង​ព្រះ​រាជ​ហឫទ័យ ទ្រង់​នឹក​ឃើញ​បុរស​ដែល​ចេះ​វិជ្ជា ខាង​ផ្លូវ​តុលាការ​នោះ ក៏​មាន​ព្រះ​រាជ​ឱង្ការ ឲ្យ​ហៅ​ចូល​មក ហើយ​ទ្រង់​ចាត់​ប្រើ​ឲ្យ​ទៅ​ស៊ើប​រក​រឿង​ពិរុទ្ធ​នោះ។ បុរស​នោះ សូម​ព្រះ​រាជ​អនុញ្ញាត​អំណាច ក្នុង​វេលា​ដែល​ស៊ើប​សួរ​យក​ការណ៍​នោះ ។ ស្ដេច​ក៏​ព្រះ​រាជ​ទាន​ពរ​តាម​សុំ​បុរស​នោះ​ចេញ ទៅ​ដល់​ទី​កន្លែង​មនុស្ស​ស្លាប់​នោះ ចាត់​ការ​ហៅ​អ្នក​ស្រុក​មក​ប្រជុំ មិន​ឲ្យ​មាន​សល់​ម្នាក់ ហើយ​បុរស​នោះ​ហាម​ប្រាម​ថា « ក្នុង​វេលា​ថ្ងៃ​ស្អែក​នេះ មិន​ឲ្យ​អ្នក​ណា​ទៅ​ណា​មក​ណា ក្រៅ​ពី​ភូមិ​ខ្លួន​ទេ ឲ្យ​ទាំងអស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី ចាស់​ក្មេង​ចូល​ទៅ​មើល​គេ​ធ្វើ​បុណ្យ​រំលាយ​សព​បុរស​អនាថា ដែល​ស្លាប់​នៅ​កណ្ដាល​វាល​ស្រែ លើក​តែ​មនុស្ស​ខ្វាក់​ខ្វិន​ចេញ ។ ខណៈ​ដែល​រៀប​ចំ​រំលាយ​សព​នោះ បុរស​ជា​អ្នក​ស៊ើប​សួរ​បាន​ចាត់​មនុស្ស​ជា​ច្រើន​នាក់​ដែល​បាន​ពន្យល់​ពី​កិច្ច​ហេតុ ដែល​យក​ការណ៍​ក្នុង​រឿង​នោះ បើ​ឃើញ​ឈ្មោះ​ណា​ប្រកប​នឹង​កិច្ច​ដែល​បាន​ពន្យល់​នោះ ឲ្យ​យក​ឈ្មោះ​នោះ​មក​ប្រគល់​ឲ្យ​ខ្លួន​ជា​នាយ​មួយ​រំពេច ។ ពេល​ភ្លើង​ឆេះ​ពេញ​កម្លាំង មាន​ស្រី​ក្មេង​ម្នាក់​ស្រក់​ទឹក​ភ្នែក​ច្រោក ។ បុរស​ជា​អ្នក​គយ​គន់​មើល​ហេតុ ក៏​នាំ​យក​ខ្លួន​នាង​នោះ ទៅ​ប្រគល់​ឲ្យ​នាយ​ខ្លួន ។ បុរស​ជា​នាយ​យក​ខ្លួន​នាង​ទៅ​ស៊ើប​សួរ​ដំណើរ​ដែល​នាង​យំ​នោះ ដោយ​យោបល់​ដ៏​ល្អិត ។ នាង​នោះ​រក​ផ្លូវ​គេច​កែ​ដោះ​សា​ទៅ​ពុំ​បាន​ក៏​ប្រាប់​បុរស​នោះ តាម​ត្រង់​ថា «ខ្លួន​នាង​បាន​សហាយ​នឹង​បុរស​ដែល​ស្លាប់ ទើប​នឹង​បាន​គ្នា​ក្នុង​យប់​ដែល​ស្លាប់​នោះ ហើយ​ថា​ដំណើរ​ដែល​ស្លាប់​នោះ គ្មាន​អ្នក​ណា​វាយ​ដំ​ធ្វើ​បាប​អ្វី​ទេ គឺ​វេលា​ចូល​ដំណេក បុរស​នោះ​ប្រើ​នាង​ឲ្យ​ទៅ​រក​ទឹក​មក​ឲ្យ​ផឹក នាង​មិន​ហ៊ាន​ចេញ​ទៅ​ដង​ទឹក​ឯ​ក្រៅ ដោយ​ខ្លាច​ឪពុក​ដឹង​ក៏​យក​ផ្តិល​ត្រង​ទឹក​ភ្លៀង​ដែល​ហូរ​ធ្លាក់ តាម​រង​ស្បូវ​ប្រក់​ផ្ទះ​នោះ​ឲ្យ​ផឹក, លុះ​ផឹក​ហើយ ក៏​បណ្ដាល​ឲ្យ​ដល់​មរណៈ​ក្នុង​ខណៈ​នោះ​ទៅ ។ បុរស​ដែល​ជា​អ្នក​ស៊ើប​សួរ ក៏​យល់​ច្បាស់​ក្នុង​ចិត្ត​ថា «នាង​នេះ មិន​មាន​សន្ដាន​ចិត្ត​ជា​ទុច្ចរិត នឹង​បុរស​ដែល​ស្លាប់​នោះ​ទេ ព្រោះ​ទើប​ស្រឡាញ់​គ្នា បាន​ជួប​គ្នា​ក្នុង​ខណៈ​នេះ ការណ៍​នេះ​ប្រាកដ​ជា​មាន​សត្វ​អាសិរពិស​អ្វី នៅ​លើ​ដំបូល​ផ្ទះ​នោះ បាន​ជា​បណ្ដាល​ឲ្យ​បុរស​នោះ​ស្លាប់» ។ ទើប​បុរស​ជា​នាយ​ចាត់​ឲ្យ​ទៅ​មើល​លើ​ដំបូល​ផ្ទះ​នោះ ឃើញ​ពស់​នាគ​រាជ​មួយ​នៅ​ចំ​ពី​លើ​ល្វែង ដែល​នាង​នោះ​ដេក ។ បុរស​ជា​នាយ​ក៏​ឲ្យ​វាយ​ពស់​នាគ​រាជ​នោះ យក​មក​ថ្វាយ​ស្ដេច ក្រាប​ទូល​តាម​ដំណើរ ហើយ​ដោះ​លែង​នាង​នោះ​ទៅ ដោយ​វិនិច្ឆ័យ​ថា «ហេតុ​ដែល​បណ្ដាល​ឲ្យ​បុរស​នោះ​ស្លាប់ មក​អំពី​ផឹក​ទឹក​ភ្លៀង​លាយ​ដោយ​ពិស​ពស់​នាគ​រាជ ដែល​នាង​នោះ​ត្រង​មក​ឲ្យ​ផឹក ដោយ​ឥត​ចេតនា»។ ស្ដេច​ក៏​ទ្រង់​សរសើរ​ថា បុរស​ជា​នាយ​ចេះ​ស្ទាត់​ក្នុង​ការ​ស៊ើបសួរ​ខាង​ផ្លូវ​តុលាការ​មែន​។

ថ្ងៃ​មួយ​ក្រោយ​មក មាន​សេដ្ឋី​ម្នាក់​ស្លាប់​ សេដ្ឋី​នោះ​មាន​ប្រពន្ធ​ក្មេង​ល្អ ។ នាង​នោះ​ប្ដេជ្ញា​ថា «មិន​យក​ប្ដី​ទៀត​ទេ» ។ ដំណឹង​នោះ​ជ្រាប​ដល់​ស្ដេច​ៗ​ទ្រង់​ឲ្យ​នាហ្មឺន​សព្វ​មុខ​មន្រ្តី ទៅ​ចង់​នាង​មេម៉ាយ​ជា​ប្រពន្ធ​ខ្មោច​សេដ្ឋី​នោះ ។ នាហ្មឺន​ទាំង​អស់​ទៅ​ចង់​មិន​បាន ស្ដេច​ទ្រង់​គិត​ថា « នាង​នេះ​ប្រហែល​ជា​មិន​យក​ប្ដី​ដូច​ដំណឹង ដែល​ទ្រង់​ជ្រាប​នោះ​មែន » តែ​ទ្រង់​គិត​ក្នុង​ព្រះ​រាជ​ហឫទ័យ​ថា «នាហ្មឺន​សព្វ​មុខ​មន្ត្រី​ទាំង​នោះ​ប្រហែល​ជា​មិន​ពេញ​សេចក្ដី​ប្រាថ្នា​នាង​មេម៉ាយ​ទេ បើ​អង្គ​អញ​ប្រហែល​ជា​នាង​នេះ​ព្រម»។ ក៏​ទ្រង់​យាង​ទៅ​ផ្ទះ​មេម៉ាយ​នោះ ហើយ​ទ្រង់​ឲ្យ​ប្រាប់​នាង​ថា «ល្ងាច​នេះ ទ្រង់​នឹង​មក​ផ្ទំ​នឹង​នាង ឲ្យ​នាង​រៀប​ចំ​ទី​កន្លែង​ចាំ​ទទួល» ។ នាង​មេម៉ាយ​ក៏​ទទួល​ព្រះ​រាជ​ឱង្ការ ។ ពេល​ល្ងាច​នាង​រៀប​ក្រឡា​ព្រះ​បន្ទំ ហើយ​តែង​ស្រី​បម្រើ​ម្នាក់​ដែល​មាន​កើត​ស្រែង​នៅ​ខ្លួន រចនា​ដោយ​គ្រឿង​ប្រដាប់ សម្រាប់​តាក់​តែង​រូប​កាយ​ស្រី គឺ​គ្រឿង​មាស​ពេជ្រ និង​គ្រឿង​ក្រអូប​គ្រប់​ប្រដាប់​ហើយ​ឲ្យ​នាង​នោះ​ចូល​ទៅ​ក្នុង​ទី​ក្រឡា​ព្រះ​បន្ទំ ដែល​រៀប​ចំ​ទទួល​ស្ដេច​តាម​ព្រះ​រាជ​ឱង្ការ ។ ដល់​ស្ដេច​យាង​មក ដោយ​ទ្រង់​មិន​បាន​គិត​ពិនិត្យ​សព្វ​គ្រប់ ទ្រង់​ក៏​យល់​ថា «ទីនេះ​ជា​ទី​សម្រាប់​នាង​មេម៉ាយ​មែន បាន​ជា​មនុស្ស​ទាំង​ឡាយ មិន​ហ៊ាន​មក​នៅ​ទី​នេះ » ទ្រង់​ក៏​ដាក់​ព្រះ​អង្គ​គង់​អែប ដោយ​សំគាល់​ថា «នាង​មេម៉ាយ» ទ្រង់​ផ្ទំ​ជា​មួយ​នាង​នោះ រួច​ហើយ​ទ្រង់​កំណត់​ព្រះ​ចិន្ដា​ថា «អញ​មក​ចង់​នាង​នេះ​បាន​ហើយ» ។ ដើម្បី​ឲ្យ​បាន​ជា​ភស្តុតាង​ដល់​ភ្នែក​អ្នក​ផង​ទាំង​ពួង, ស្ដេច​ក៏​ទ្រង់​ខាំ​ថ្ពាល់​នាង​នោះ​ជា​សំគាល់ រួច​ទ្រង់​យាង​មក​ព្រះ​បរម​រាជ​វាំង​វិញ​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ផ្ដាំ​ថា «ព្រឹក​ស្អែក​នេះ​ឲ្យ​នាង​ចូល​ទៅ​គាល់​ស្ដេច​កុំ​ខាន» ។ ទ្រង់​យាង​ទៅ​ដល់​ព្រះ​បរម​រាជ​វាំង ទ្រង់​ក៏​មាន​ព្រះ​រាជ​ឱង្ការ ប្រាប់​អស់​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ថា ព្រះ​អង្គ​យាង​ទៅ​ចង់​នាង​នោះ​បាន មាន​ទាំង​សម្គាល់​ស្នាម​ព្រះ​ទន្ត​នៅ​ថ្ពាល់​នាង​នោះ​ផង ហើយ​ទ្រង់​បាន​ប្រាប់​ឲ្យ​ចូល​មក​គាល់ ក្នុង​វេលា​ព្រឹក​នេះ​ផង ឲ្យ​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់​ចាំ​មើល ។ ដល់​នាង​មេម៉ាយ​ចូល​មក​គាល់ យក​ទាំង​ស្រី​បម្រើ​ដែល​តាក់​តែង​កាយ ទទួល​ស្ដេច​ពី​យប់​នោះ​មក​ជា​មួយ​ផង, លុះ​ចូល​មក​គាល់ ក៏​អង្គុយ​តាម​មុខ​ក្រោយ នាង​មេម៉ាយ​អង្គុយ​មុខ ស្រី​បម្រើ​អង្គុយ​ក្រោយ ។ ស្ដេច​ឲ្យ​នាហ្មឺន​ទៅ​ពិនិត្យ​មើល នៅ​កន្លែង​សំគាល់​ ដែល​ទ្រង់​បាន​ប្រាប់​ហើយ​នោះ ។ លុះ​ភ្នាក់​ងារ​ដែល​ទទួល​ព្រះ​រាជ​ឱង្ការ​ទៅ​ពិនិត្យ ត្រឡប់​មក​ក្រាប​ទូល​ស្ដេច​វិញ​ថា «នាង​អង្គុយ​ក្រោយ​មាន​ស្នាម​នៅ​ថ្ពាល់​ជា​សម្គាល់​ដោយ​ធ្មេញ ឯ​នាង​មេម៉ាយ​គ្មាន​ស្នាម​អ្វី​ជា​សម្គាល់​ទេ » ។ ស្ដេច​ក៏​តូច​ព្រះ​រាជ​ហឫទ័យ​ដោយ​សេចក្ដី​មិន​បាន​ពិនិត្យ​ជា​មុន ក៏​ព្រះ​អង្គ​ទ្រង់​ចិន្ដា​ត្រិះរិះ​ទៅ​ឃើញ​ថា « នាង​នេះ​ជា​ស្រី​មាន​ប្រាជ្ញា នឹង​រក​អ្នក​ណា​ទៅ​ចង់​នាង​ពុំ​បាន» ទ្រង់​នឹក​ដល់​បុរស​ដែល​ជា​អ្នក​ស្ទាត់​ខាង​វិជ្ជា​ចង់​ស្រី ក៏​មាន​ព្រះ​រាជ​ឱង្ការ​ឲ្យ​ចូល​ទៅ​គាល់ ។ ស្ដេច​ក៏​មាន​ព្រះ​រាជ​ឱង្ការ​សួរ​ទៅ​បុរស​នោះ​ថា «ឯង​ទៅ​ចង់​នាង​មេម៉ាយ​ជា​ប្រពន្ធ​ខ្មោច​សេដ្ឋី​បាន​ឬ​ទេ ? បើ​បង​ឯង​ត្រូវ​ការ​វត្ថុ​អ្វី យើង​ឲ្យ​ឯង​ទាំង​អស់ » ។ បុរស​នោះ​ក្រាប​ទូល «ទទួល​តាម​បន្ទាល់ ដោយ​មិន​បាច់​យក​វត្ថុ​ជា​ឧត្ដម​ទៅ​ទេ សុំ​តែ​សំពត់​ផាឌិប​ស​ចាស់ យក​ទៅ​ស្លៀក​ពាក់ ហើយ​នឹង​ឆ្អឹង​គោ​មួយ​ថោ​វេច​ខ្ចប់​ជាប់​នឹង​ខ្លួន​ប៉ុណ្ណោះ​បាន​ហើយ» ។

ឯ​នាង​មេម៉ាយ​ជា​ប្រពន្ធ​ខ្មោច​សេដ្ឋី វេលា​ដែល​ត្រឡប់​ពី​គាល់​ស្ដេច​ទៅ​វិញ ក៏​រៀប​សាលា​ធ្វើ​បុណ្យ​ខ្មោច​សេដ្ឋី​ជា​ប្ដី រំលាយ​សព​ជា​ស្រេច រើស​ធាតុ​យក​មក​ខ្ចប់​តម្កល់​លើ​សាលា​ធ្វើ​បុណ្យ​ឆ្លង ។ វេលា​យប់​នោះ​បុរស ដែល​ទទួល​ព្រះ​រាជ​ឱង្ការ បាន​ទៅ​ដល់​លើ​សាលា ដែល​នាង​មេម៉ាយ​ធ្វើ​បុណ្យ​ខ្មោច​ប្ដី ដែល​នឹង​ហើយ​ស្រេច​នៅ​វេលា​ព្រឹក​ស្អែក​នោះ ដល់​ហើយ​ធ្វើ​ជា​យំ​សោក​នឹង​ខ្មោច​ប្រពន្ធ​ខ្លួន​ស្លាប់ មាន​សេចក្ដី​ទុក្ខ​យ៉ាង​ខ្លាំង​ដោយ​មាន​ទាំង​ធាតុ​ស្ពាយ​ជាប់​នឹង​ខ្លួន ជា​សំគាល់​ផង, បណ្ដាល​ឲ្យ​អស់​អ្នក​ជា​ពួក​ក្រុម​នាង​មេម៉ាយ ដែល​នៅ​លើ​សាលា​នោះ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ឆ្ងល់​ភ័ន្ត​ភាំង​គ្រប់​គ្នា សួរ​ទៅ​បុរស​នោះ​ថា ហេតុ​អ្វី ក៏​អ្នក​មក​យំ​សោក បោក​ខ្លួន​ប្រាណ​លើ​ទីនេះ​ខ្លាំង​ម្ល៉េះ? ។ បុរស​នោះ​ប្រាប់​ទៅ​អ្នក​រក្សា​សាលា​នោះ​ថា «ខ្ញុំ​ឃើញ​គេ​ធ្វើ​បុណ្យ​ខ្មោច​លោក​សេដ្ឋី​នោះ ខ្ញុំ​នឹក​ដល់​ខ្មោច​ប្រពន្ធ​ខ្ញុំ ដែល​ស្លាប់​ជា​យូរ ហើយ​នោះ​ភ្លាម ក៏​បណ្ដាល​ឲ្យ​សង្វេគ​នឹង​ទុក្ខ​វេទនា​និង​ការ​ព្រាត់​ប្រាស​ជា​ថ្មី​មួយ​ជាន់​ទៀត, តាំង​ពី​ប្រពន្ធ​ស្លាប់​ទៅ​នោះ​ខ្លួន​ខ្ញុំ​លះ​បង់​ការងារ​ចោល​អស់ ស្ពាយ​តែ​ធាតុ​ប្រពន្ធ​ដើរ ដោយ​សេចក្ដី​អាឡោះ​អាល័យ » ហើយ​បុរស​នោះ សុំ​អ្នក​ចាំ​សាលា​អ្នក​ស្នាក់​មួយ​យប់ ។ បុរស​ដែល​ចាំ​សាលា មិន​ហ៊ាន​សម្រេច​ដោយ​ខ្លួន​ឯង ក៏​យក​សេចក្ដី​នោះ​ទៅ​ជម្រាប​នាង​មេម៉ាយ​ជា​ចៅហ្វាយ​តាម​ដំណើរ ដែល​បុរស​នោះ​អធិប្បាយ​អំពី​សេចក្ដី​កម្សត់​របស់​ខ្លួន ហើយ​សុំ​សាលា​ស្នាក់ ។ នាង​មេម៉ាយ​មាន​ចិត្ត​អាណិត​ដល់​បុរស​កម្សត់ ដែល​មាន​ទុក្ខ​ព្រាត់​ប្រាស​ប្រពន្ធ​នោះ ក៏​យល់​ព្រម​ឲ្យ​ស្នាក់ ហើយ​បង្គាប់​ទៅ​មនុស្ស​បម្រើ ឲ្យ​រៀប​អាហារ​ភោជន ឲ្យ​ទាន​បុរស​នោះ​ផង ។ លុះ​យប់​នាង​មេម៉ាយ ទៅ​ស្ដាប់​ធម៌​ទេសនា ឆ្លង​បុណ្យ​ខ្មោច​ប្ដី នៅ​លើ​សាលា​ដែល​តម្កល់​ធាតុ​នៅ​នោះ ។ ឯ​បុរស​ចង់​ស្រី ក៏​សម្ងំ​ធ្វើ​ជា​ដេក​លក់​ទៅ ។ នាង​មេម៉ាយ​នោះ​ស្ដាប់​ធម៌​ទេសនា​ចប់​ត្រឡប់​មក​ផ្ទះ​វិញ ។ បុរស​ជា​អ្នក​ចង់​ស្រី ឃើញ​ឱកាស​ស្ងាត់​ល្អ ក៏​លួច​យក​ធាតុ​ប្រពន្ធ​ខ្លួន ទៅ​ដាក់​ប្រប​ធាតុ​សេដ្ឋី​ជា​ប្ដី​នាង​មេម៉ាយ ។ លុះ​ដល់​ព្រឹក​ឡើង នាង​មេម៉ាយ​ចូល​ដល់​សាលា បុរស​នោះ​ក៏​ស្រែក​យំ​យ៉ាង​ខ្លាំង​ថា «អ្នក​ណា​លួច​ធាតុ​ប្រពន្ធ​ខ្ញុំ​បាត់ ? » ។ នាង​មេម៉ាយ​ឆ្ងល់ ក៏​សួរ​បុរស​នោះ​ថា «ហេតុ​អ្វី ក៏​អ្នក​ឯង​យំ​ខ្លាំង​ម្ល៉េះ ?» ។ បុរស​នោះ​ប្រាប់​ទៅ​នាង​មេម៉ាយ​វិញ​ថា « អ្នក​ឯ​ណា​លួច​ធាតុ​ប្រពន្ធ​ខ្ញុំ​ទៅ​បាត់» ហើយ​ចោទ​ប្រកាន់ ទៅ​លើ​រូប​នាង​មេម៉ាយ​ថា «ខ្មោច​ប្ដី​នាង​មេម៉ាយ​លួច​ធាតុ​ប្រពន្ធ​ទៅ» ។ នាង​មេម៉ាយ​មាន​សេចក្ដី​អន់​ចិត្ត​នឹង​បុរស​ចោទ​ប្រកាន់​ខ្មោច​ប្ដី​ថា «លួច​ធាតុ​ប្រពន្ធ​ដូច្នោះ, ក៏​នាំ​បុរស​នោះ​ឲ្យ​ទៅ​មើល​ឃើញ​នៅ​ជិត​គ្នា​មែន ។ បុរស​ក៏​ចោទ​ប្រកាន់​ចំពោះ​ខ្លួន​នាង​មេម៉ាយ​ថា «ប្ដី​នាង យក​ប្រពន្ធ​គាត់​ទៅ​ធ្វើ​ជា​ប្រពន្ធ​ខ្លួន​ហើយ លុះ​តែ​នាង​ព្រម​ទទួល​ធ្វើ​ជា​ប្រពន្ធ​គាត់​វិញ ទើប​ព្រម​សុខ​ចិត្ត» ។ សេចក្ដី​ចោទ​ចំពោះ​ខ្លួន​នាង​មេម៉ាយ​នោះ ជា​ដំណំ​ច្រើន​ខ​ណាស់​ដោយ​ឧបាយ​យ៉ាង​ល្អិត ។ នាង​មេម៉ាយ​រក​ផ្លូវ​ដោះសា​គ្មាន ក៏​ចាញ់​កល​នោះ​ជា​ទម្ងន់ ថែម​ទាំង​មាន​សេចក្ដី​អន់​ចិត្ត​ខ្មោច​ប្ដី​ខ្លួន​ដែល​ស្លាប់​នោះ ថា​ជា​មនុស្ស​គ្មាន​ចិត្ត​សប្បុរស​ចំពោះ​ប្រពន្ធ​បន្តិច​បន្តួច​សោះ គ្នា​កំពុង​កើត​ទុក្ខ​នឹង​ខ្លួន ៗ ហ៊ាន​ទៅ​លួច​ប្រពន្ធ​គេ យក​មក​បញ្ចើ​នៅ​មុខ នាង​ជា​អុក​ជា​ទុក្ខ​គិត​សព្វ​ៗ ទៅ​ក៏​ទទួល​ព្រម​យក​បុរស​នោះ​ធ្វើ​ជា​ប្ដី ជា​សេចក្ដី​ផ្គើន តប​ឲ្យ​ទល់​ពុត​ទៅ​នឹង​ខ្មោច​ប្ដី​ខ្លួន​វិញ​ដែល​ហ៊ាន​ខូច លួច​ប្រពន្ធ​បុរស​នោះ ។ ចំណែក​បុរស​នោះ ដល់​បាន​នាង​មេម៉ាយ​ជា​ប្រពន្ធ ៣ – ៤ ថ្ងៃ​ក៏​បបួល​គ្នា​ទៅ​គាល់​ស្ដេច ។ ឯ​ស្ដេច​នឹង​នាហ្មឺន​សព្វ​មុខ​មន្ត្រី​បាន​ទត បាន​ឃើញ ក៏​មាន​សេចក្ដី​សរសើរ​ចំពោះ​បុរស​នោះ​ថា ជា​អ្នក​មាន​វិជ្ជា​ចេះ​ចង់​ស្រី​ប្រាកដ​មែន ៕

(ម្ង៉ៃ​នឹង​ចេះឲ្យ​គេ​កោត ម្ង៉ៃ​នឹង​ឆោតឲ្យគេអាណិត)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print