អាជ្ញាធរខេត្តបន្ទាយមានជ័យ ចូលរួមជួយការសាងសង់ផ្ទះដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រោយពីទាំងទឹកជំនន់បានស្រកចុះទាំងស្រុងពីលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋនោះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានគិតគូរដោះស្រាយការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមេបញ្ជាការកងកម្លាំង លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង បានបន្តចូលរួមសកម្មភាពជាមួយកងកម្លាំងទាំង០៣ប្រភេទក្នុងការៀបចំផ្ទះសម្បែងឡើងវិញដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់ មានការខូចខាត និងជីវភាពខ្វះខាត ចំនួន០៣ខ្នង នៅភូមិសាស្ត្រភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងឱកាសនោះក៏មានវត្តមានអញ្ជើញចុះមកពិនិត្យមើលការងារកសាងផ្ទះនេះពី ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងឱកាសចុះដឹកនាំការសាងសងផ្ទះនៅភូមិសែសិន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា តាមប្រសាសន៍ណែនាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យមន្ត្រីអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នោះ។ ពេលមានទឹកជំនន់អាជ្ញាធរកងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់បានរួមគ្នាសង្គ្រោះបងប្អូន ហើយបានផ្តល់អំណោយជាស្បៀងសង្គ្រោះបន្ទាន់ពីសំណាក់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសប្បុរសជន។ថ្មីៗមកនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ពូស្រូវដល់ប្រជាពលរដ្ឋរងគ្រោះចំនួន១១០០០ គ្រួសារផងដែរដើម្បីស្តារឡើងវិញពេលទឹកសម្រក។ ពេលទឹកចាប់ផ្តើមស្រកយើងបន្តបានធ្វើការស្តារឡើងវិញជាបណ្តើរៗលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានានៅមូលដ្ឋានផងដែរ ។

លោកអភិបាលខេត្តបន្តថា ថ្ងៃនេះខ្ញុំជាមួយកងកម្លាំងទាំង០៣ប្រភេទ និងអាជ្ញាធរដែនដីទាំងអស់ បានបន្តធ្វើការ សាងសង់ផ្ទះជូនដល់ប្រជាពលរដ្ឋចំនួន០៣ខ្នង ស្មើនឹង០៣គ្រួសារ ក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ លើផែនការសរុប២៨ខ្នងលើ០២ស្រុក ក្រុង ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ដែលជាកន្លែងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេនឹងបន្តដោះស្រាយ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋ។ ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរដែនដីបានខិតខំដោះស្រាយសបបែបយ៉ាង ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋចំនួន០៣គ្រួសារក្នុងភូមិសែសិនដែលទទួលបានការសាងសង់ផ្ទះពីអាជ្ញាធរ កងកម្លាំង សូមគោរពថ្លែងអំណរគុណ និងជូនពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអាជ្ញាធរដែនដី អភិបាលខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានជួយសាងសង់ផ្ទះ ឲ្យបានកន្លែងស្នាក់នៅសមរម្យឡើងវិញក្រោយពីចប់ទឹកជំនន់នេះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print