ការប្រកួតក្របខ័ណ្ឌអុីតាលី Serie A សម្រាប់សប្តាហ៍ទី៨បានបញ្ចប់ហើយកាលពីយប់មិញ ក្នុងនោះក្រុម AC Milan នៅតែបន្តភាពខ្លាំងរបស់ខ្លួននៅរដូវកាលនេះ ដោយមិនទាន់ស្គាល់រសជាតិចាញ់ទេតាំងពីបើករដូវកាល២០២០-២០២១នៅអុីតាលីមក។
សម្រាប់ការប្រកួតកាលពីយប់មិញ ក្រុម AC Milan បានបំបាក់ក្រុមម្ចាស់ផ្ទះ Napoli ក្នុងលទ្ធផល ៣ទល់១ ធ្វើឲ្យក្រុមខ្លាំងមួយនេះបន្តឈរកំពូលតារាងបន្តទៀត។ ខ្សែប្រយុទ្ធវ័យជ្រេ Ibrahimović នៅតែក្លាយជាតួអង្គយ៉ាងសំខាន់ក្នុងការដណ្តើមបានជ័យជម្នះមួយនេះ ដោយរូបគាត់រកបាន២គ្រាប់ម្នាក់ឯងគឺនៅតង់ទី១ នៅនាទីទី២០ និងនៅតង់ទី២ នៅនាទីទី៥៤។
ក្រុមម្ចាស់ផ្ទះ Napoli ក៏បានរក១គ្រាប់សងវិញនៅនាទីទី៦៣ ដោយកីឡាករ Mertens ហើយនៅនាទីទី៦៥ កីឡាករ Bakayoko របស់ក្រុម Napoli បានបង្កកំហុសទៅលើកីឡាករក្រុម AC Milan ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត។ ការបាត់បង់កីឡាករម្នាក់របស់ក្រុម Napoli ធ្វើឲ្យក្រុម AC Milan មានឱកាសកាន់តែច្រើន និងរហូតដល់រកបាន១គ្រាប់ទៀតនៅនាទីទី៩០+៥ ក្នុងម៉ោងបន្ថែម ដោយកីឡាករ Hauge ធ្វើឲ្យ AC Milan ឈ្នះNapoli ៣ទល់១។
ចំណែកក្រុម Inter Milan បានយកឈ្នះក្រុមភ្ញៀវ Torino ៤ទល់២ ដោយក្រុមភ្ញៀវ Torino មានឱកាសរកគ្រាប់បាល់នាំមុខដល់ទៅ២គ្រាប់គឺនៅនាទីទី៤៥ ក្នុងតង់ទី១ និងនាទីទី៦២ ក្នុងបាល់ពិន័យប៉េណាល់ទី។ ភ្លាមៗនោះក្រុមម្ចាស់ផ្ទះ Inter Milan បានព្យាយាមវាយសម្រុកទៅលើគូប្រកួតដើម្បីតាមស្មើវិញ ដោយនៅនាទីទី៦៤ និងនាទីទី៦៧ រកបាន២គ្រាប់តាមស្មើជាមួយក្រុមភ្ញៀវ។ នៅនាទីទី៨៤ក្រុម Inter Milan បានបាល់ពិន័យប៉េណាល់ទី១គ្រាប់ទៀត ធ្វើឲ្យនាំមុខក្រុមភ្ញៀវវិញ ហើយនៅនាទីទី៩០ ជិតចប់ការប្រកួទៅហើយក៏រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួតក្រុម Inter Milan យកឈ្នះក្រុមភ្ញៀវដោយលទ្ធផល ៤ទល់២។
លទ្ធផលខាងលើនេះធ្វើឲ្យក្រុម AC Milan បន្តឈរចំណាត់ថ្នាក់លេខ១កំពូលតារាងមាន២០ពិន្ទុ ខណៈ Napoli ឈរចំណាត់ថ្នាក់លេខ៦មាន១៤ពិន្ទុ។ ចំណែកក្រុមInter Milan ឡើងទៅឈរចំណាត់ថ្នាក់លេខ៥ មាន១៥ពិន្ទុ។ AC Milan ត្រូវប៉ះក្រុម Lille របស់បារាំងក្នុងការប្រកួតក្របខ័ណ្ឌ Europa League នៅថ្ងៃទី២៧ វិច្ឆិកា ខណៈដែលក្រុម Inter Milan នឹងត្រូវប៉ះក្រុមភ្ញៀវ Real Madrid របស់អេស្ប៉ាញ ក្នុងក្របខ័ណ្ឌ Champion League នៅថ្ងៃទី២៦ វិច្ឆិកា សម្រាប់ការប្រកួតជម្រុះតាមពូលរៀងៗខ្លួន ៕ដោយ៖ភារៈ