ប្រមុខការទូតកម្ពុជា នឹងចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៣៧ (CMF) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ និងតបតាមការអញ្ជើញរបស់ លោក អូស្មាន ហ្សេរ៉ង់ឌី រដ្ឋមន្ត្រីក្រសួងការបរទេស ចំណាក ស្រុក និងប្រជាជនទុយនីស៊ីនៅក្រៅប្រទេស នៃសាធារណរដ្ឋទុយនេស៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹង ចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី ៣៧ (CMF) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៤ និង ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅទីក្រុងប៉ារីស តាមប្រព័ន្ធវីដេអូ។

ក្នុងកិច្ចប្រជុំលើកទី៣៧ នេះ លោកស្រីអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងបង្ហាញនូវរបាយការណ៍មួយស្តីពីប្រធានបទនយោបាយ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការរដ្ឋបាល និង ហិរញ្ញវត្ថុ ដែលត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) កាលពីថ្ងៃទី៤ និង៥ ខែវិច្ឆិកា កន្លងទៅ។

រដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូទាំងអស់ នឹងពិនិត្យមើលលើយុទ្ធសាស្រ្តសេដ្ឋកិច្ចសម្រាប់អង្គការ OIF ដំណើរការនៃការកែទម្រង់ ការអនុវត្តគម្រោង និងសកម្មភាពរបស់ អង្គការ OIF ព្រមទាំងផ្លាស់ប្តូរទស្សនៈ លើបញ្ហាប្រឈម និងបញ្ហាសេដ្ឋកិច្ចសង្គម ដែលអង្គការ OIF និងពិភពលោកកំពុងជួបប្រទះ ជាពិសេស ក្នុងបរិបទនៃវិបត្តិជំងឺកូដ-១៩ នាពេលបច្ចុប្បន្ននេះ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ អង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីនឹងកំណត់កាលបរិច្ឆេទ និង ទីកន្លែងនៃកិច្ចប្រជុំលើកក្រោយរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី ១៨ នៅប្រទេសទុយនីស៊ី។
ព្រះករុណា ព្រះនរោត្តម-សីហនុ ព្រះបរមរតនកោដ្ឋ គឺជាបិតាស្ថាបនិក ១ រូប នៃចលនាហ្វ្រង់កូហ្វូន និងជាមេដឹកនាំលេចធ្លោជាងគេនៃចលនានេះនៅអាស៊ី។
បច្ចុប្បន្ន អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានរដ្ឋ និងរដ្ឋាភិបាលសមាជិក ចំនួន ៨៨ (សមាជិកពេញ សិទ្ធិ ចំនួន ៥៤ សមាជិកមិនពេញសិទ្ធិ ចំនួន ៧ និងសមាជិកសង្កេតការណ៍ ចំនួន ២៧)៕

ដោយ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print