រឿងព្រងខ្មែរ÷រឿង​ ចៅអាចម៍សេះ

ចែករំលែក៖

មាន​បុរស​ម្នាក់ អ្នក​ស្រុក​គេ​ហៅ​ថា «ចៅ​អាចម៍​សេះ » ព្រោះ​នៅ​ខ្ញុំ​សេដ្ឋី​គេ​ឲ្យ​ឃ្វាល​សេះ​ប្រហែល​ជា ៥០ ក្បាល គេ​ឲ្យ​ទៅ​សង់​ខ្ទម​នៅ​បៀត​មាត់​ទន្លេ ។ បុរស​នោះ​ព្យាយាម​រំឭក​គុណ​ព្រះ​ពុទ្ធ ទោះ​ឃ្វាល​សេះ​ក្ដី ធ្វើ​ការ​អ្វី​ក្ដី តែង​ទន្ទេញ​ជាប់ «អញ​ទៅ​ដេញ​សេះ សម្មា​សម្ពុទ្ធោ អញ​ទៅ​លើក​អាចម៍​សេះ សម្មា​សម្ពុទ្ធោ » ធ្វើ​ការ​អ្វី​ៗ​ក៏​ទន្ទេញ​ថា សម្មា​សម្ពុទ្ធោ​ដូច្នេះ​ដរាប​ទៅ ។ ឯ​អាចម៍​សេះ​នោះ​ទៀត​បុរស​មិន​លើក​ចោល​ទេ តែង​កើប​ច្រក​ការុង​ទុក​បាន​ជា​ច្រើន ។ថ្ងៃ​មួយ​មាន​សំពៅ ៥០០ មក​ពី​ស្រុក​ចិន​នាំ​ទំនិញ​មក​លក់ ។ បុរស​ស្រែក​ហៅ​ថា « ឲ្យ​ចូល​មក​នេះ​សិន» ។ លុះ​សំពៅ​ចូល​មក​សួរ​ថា « អ្នក​រាល់​គ្នា​បើក​សំពៅ​មក​ពី​ណា ?» ។ នាយ​សំពៅ​ថា « មក​ពី​ស្រុក​ចិន» ។ បុរស​ថា « អ្នក​ស្គាល់​ស្ដេច​ក្រុង​ចិន​ទេ ?» ។ នាយ​សំពៅ​ថា «ស្គាល់ ព្រោះ​ខ្ញុំ​នៅ​ជិត​ព្រះ​រាជ​វាំង​ដែរ » ។ បុរស​ថា « ស្ដេច​ក្រុង​ចិន​នោះ​ជា​ក្លើ​អញ ហើយ​ជា​មិត្រ​សម្លាញ់​ថ្ងៃ​មុន​រៀង​មក បើ​អ្នក​ត្រឡប់​ទៅ​ស្រុក​ចិន​វិញ អញ​ផ្ញើ​របស់​ទៅ​ក្លើ​អញ​ផង»នាយ​សំពៅ​នោះ​ឆ្លើយ​ថា បាទ ! ហើយ​នាំ​គ្នា​ចេញ​សំពៅ​ទៅ​លក់​ដូរ, មិន​យូរ​ប៉ុន្មាន នាយ​សំពៅ​ត្រឡប់​មក​វិញ ចូល​ទៅ​រក​បុរស​នោះ​ សួរ​ថា «អ្នក​ឯង​មាន​អ្វី​ផ្ញើ​ទៅ? យក​មក​ខ្ញុំ​ទៅ​ឥឡូវ​ហើយ » ។ បុរស​ថា​ខ្វះ​អ្វី ខ្ញុំ​រៀប​ដាក់​ក្នុង​ការុង​បម្រុង​ផ្ញើ​ទៅ» នាយ​សំពៅ​ក៏​ប្រើ​ជើង​ឈ្នួល​ឲ្យ​ជញ្ជូន​ដាក់​សំពៅ នូវ​របស់​ប្រហែល ៤00ការុង​ ដែល​សុទ្ធ​តែ​ការុង​ពេញ​ដោយ​អាចម៍​សេះ ហើយ​ក៏​លា​បុរស​នោះ ចេញ​សំពៅ​ទៅ​ស្រុក​ចិន, ដល់​ទៅ​ដំណាក់​ផែ​ស្ដេច​ក្រុង​ចិន ហើយ​ក៏​បោះ​យុថ្កា ឡើង​ទៅ​ក្រាប​ទូល​ថា «មាន​ក្លើ​ព្រះ​អង្គ ផ្ញើ​របស់​ពី​ស្រុក​ខ្មែរ​មក​ថ្វាយ ដាក់​នឹង​ការុង​ច្រើន​ណាស់ » ។ ស្ដេច​ក្រុង​ចិន​ឆ្ងល់​ថា « អញ​មិន​ដែល​ទៅ​ស្រុក​ខ្មែរ​ទេ អញ​មាន​ក្លើ​ឯ​ណា​នៅ​ស្រុក​ខ្មែរ?» ក៏​មាន​ព្រះ​បន្ទូល​ឲ្យ​ទៅ​ជញ្ជូន​ការុង​អាចម៍​សេះ​នោះ មក​ដាក់​គរ​នៅ​មុខ​ព្រះ​លាន ទ្រង់​ឲ្យ​ស្រាយ​មាត់​ការុង​ចាក់​មើល តើ​ជា​របស់​អ្វី​ខ្លះ» ដល់​ស្រាយ​ទៅ ឃើញ​សុទ្ធ​តែ​ដុំ​មាស​គ្រប់​ការុង ។ ស្ដេច​មាន​ព្រះ​ទ័យ​ត្រេកអរ​រក​ទី​បំផុត​គ្មាន ក៏​ទ្រង់​គិត​ក្នុង​ព្រះ​ចិន្ដា​ថា «នឹង​បាន​អ្វី​ផ្ញើ​ទៅ​គេ​វិញ, មាន​តែ​ព្រះ​រាជ​បុត្រី​មួយ ព្រះ​ជន្ម ១៨ ឆ្នាំ ព្រះ​រូប ព្រះ​ឆោម​ល្អ​លើស​ស្រី​ទាំង​អស់ គិត​ផ្ញើ​ទៅ​ឲ្យ​គេ, ហើយ​ក៏​ទ្រង់​ចាត់​ឲ្យ​ជាង​ធ្វើ​ស្គរ​មួយ​យ៉ាង​ធំ​​ពាស​ស្បែក​សត្វ​ទាំង​សង​ខាង តែ​ឲ្យ​មាន​កន្លែង​បើក​ចេញ​ចូល​ម្ខាង​បាន ហើយ​ក៏​ដាក់​ព្រះ​រាជ​បុត្រី​នោះ​ទៅ​ក្នុង​ស្គរ មាន​ទាំង​កន្សែង​បក់​បោយ​មួយ​ផង ហើយ​ចាត់​បម្រើ​ឲ្យ​បើក​សំពៅ​យក​ទៅ​ឲ្យ​ចៅ​អាចម៍​សេះ បម្រើ​ទៅ​ដល់​ហើយ​ក៏​ស្រែក​ហៅ​បុរស​នោះ​ថា «ស្ដេច​ក្រុង​ចិន​ជា​ក្លើ ផ្ញើ​ស្គរ​មួយ​មក​ឲ្យ​អ្នក​ឯង​វាយ​លេង» ។ បុរស​ឮ​ដូច្នោះ​ក៏​ត្រេកអរ​ណាស់ ។ អ្នក​បម្រើ​យក​ស្គរ​ទៅ​ចង​ក្នុង​រោង​សេះ​នោះ ។ បុរស​នោះ​ក៏​ចេះ​តែ​វាយ​លេង​ទាំង​និយាយ​ផង​ថា «ក្លើ​អញ​ស្រឡាញ់​អញ​ផ្ញើ​ស្គរ​នេះ​មក​ឲ្យ​អញ​វាយ​លេង»។ ថ្ងៃ​មួយ បុរស​នោះ​វាយ​ស្គរ ហើយ​ចេញ​ទៅ​ឃ្វាល​សេះ ។ នាង​ដែល​នៅ​ក្នុង​ស្គរ​ចេញ​មក រៀប​បាយ​ទឹក​ទុក​បម្រុង​ឲ្យ​បុរស​នោះ ហើយ​ចូល​ទៅ​ក្នុង​ស្គរ ចេញ​មក​រៀប​បាយ​ទឹក មក​វិញ​ឃើញ​បាយ​គិត​ថា «នរណា​អេះ មក​រៀប​បាយ​ឲ្យ​អញ​ៗ​ឃ្លាន​បាយ អញ​ស៊ី​ហើយ» ។ ឯ​នាង​នោះ​​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ បុរស​នោះ​សង្ស័យ​នឹក​ថា «នរណា​យក​បាយ​ឲ្យ​អញ​ស៊ី​រាល់​ថ្ងៃ​ម្ល៉េះ?» ចាំ​លប​មើល ក៏​ឃើញ​នាង​ដ៏​មាន​រូប​ល្អ​ឯក​ ចេញ​ពី​ក្នុង​ស្គរ​មក ហើយ​បក់​បោយ​កន្សែង ឲ្យ​កើត​ជា​អាហារ​ឡើង​មួយ​រំពេច ។ បុរស​នោះ​ក៏​ភ័យ​ស្រែក​ថា « សម្មាសម្ពុទ្ធោ មក​ពី​ណា​ល្អ​ម្ល៉េះ ? ហើយ​ក៏​រត់​ទៅ» ។ នាង​នោះ​ចេញ​តាម​បុរស​នោះ​ស្រែក​ថា «សម្មាសម្ពុទ្ធោ កុំ​ចាប់​អញ អាណិត​អញ លែង​អញ​ទៅ » ។ នាង​ថា « ខ្ញុំ​មិន​លែង​ទេ អ្នក​ឯង​ជា​ប្ដី​ខ្ញុំ​ហើយ ឪពុក​ខ្ញុំ​ឲ្យ​ខ្ញុំ​មក​នៅ​ធ្វើ​ជា​ប្រពន្ធ​អ្នក​ឯង ព្រោះ​អ្នក​ឯង​បាន​ផ្ញើ​មាស​ប្រាក់ ទៅ​ឲ្យ​ឪពុក​ខ្ញុំ​ច្រើន​ណាស់» ។ បុរស​ថា «ទេ ! ខ្ញុំ​មិន​យក​ទេ» ។ នាង​នោះ​និយាយ​លួង​លោម​ច្រើន​ដង​ បុរស​ក៏​ស្ងៀម, នាង​ដឹក​ដៃ​បុរស​នោះ​មក​រោង​សេះ​វិញ ។ ក្នុង​វេលា​យប់​នោះ នាង​អធិដ្ឋាន​កន្សែង​បក់​បោយ ហើយ​បក់​ទៅ កើត​ជា​ប្រាសាទ​រាជ​វាំង មាន​មនុស្ស​គឹកកង​រំពង​នៅ​ក្នុង​នោះ ។ ចៅ​អាចម៍​សេះ​ហើយ​និង​នាង​នោះ ក៏​នៅ​លើ​ប្រាសាទ មាន​មនុស្ស​បម្រើ​ឆ្វេង​ស្ដាំ ។ អ្នក​ស្រុក​ទាំង​ពួង​ឃើញ​ហើយ​ ភ្ញាក់​ផ្អើល​គ្រប់​គ្នា ក៏​រត់​ទៅ​ប្រាប់​សេដ្ឋី​ជា​ចៅហ្វាយ​បុរស​នោះ​ថា «មាន​កើត​ប្រាសាទ​រាជ​វាំង ត្រង់​ខ្ទម​ចៅ​អាចម៍​សេះ​នោះ​ច្រើន​ណាស់ » ។ សេដ្ឋី​សង្ស័យ រត់​ទៅ​មើល​ឃើញ​ហើយ​ក៏​ភិត​ភ័យ រត់​ទៅ​ទូល​ស្ដេច​តាម​រឿង ។

ស្ដេច​ទ្រង់​ជ្រាប ទ្រង់​ចាត់​បម្រើ ឲ្យ​ទៅ​ពិនិត្យ​មើល​ឃើញ​ពិត​ដូច្នោះ​មែន ក៏​មាន​ព្រះ​ទ័យ​ទោមនស្ស​ជា​ខ្លាំង​ថា «ឈ្មោះ​ណា​ហ៊ាន​មក​សាង​ប្រាសាទ​រាជ​វាំង​ក្នុង​នគរ​អញ មាន​តែ​អញ​ទេ​ជា​ស្ដេច​ក្នុង​នគរ​នេះ» ទើប​ទ្រង់​ប្រជុំ​នាហ្មឺន​សព្វ​មុខ​មន្ត្រី មាន​ព្រះ​បន្ទូល​ចាត់​ឲ្យ​រៀបរេហ៍ពល លើក​ទៅ​ចាប់​ទាំង​ព្រះ​អង្គ​ក៏​ស្ដេច​យាង​ជា​មួយ​ផង ។ វេលា​នោះ​មាន​បម្រើ​ទៅ​ប្រាប់​ចៅ​អាចម៍​សេះ​ហើយ​ នឹង​ប្រពន្ធ​ចៅ​អាចម៍​សេះ​បាន​ឮ ក៏​មាន​សេចក្ដី​ភិត​ភ័យ​ណាស់ ។ នាង​ប្រាប់​ប្ដី​ថា «កុំ​ឲ្យ​ភ័យ​ទុក​ងារ​ឲ្យ​ខ្ញុំ​ច្បាំង​នឹង​ស្ដេច​នេះ​វិញ នាង​ក៏​រៀប​ខ្លួន​ចេញ​ទៅ ហើយ​អធិដ្ឋាន​កន្សែង​បក់ កន្សែង​បោយ​ឲ្យ​ស្ដេច​បរាជ័យ ព្រម​ទាំង​រេហ៍ពល ។

ចៅ​អាចម៍​សេះ​និង​នាង​នោះ​បាន​សោយ​រាជ្យ​ជា​ស្ដេច ដោយ​អំណាច​ដឹង​គុណ​ព្រះ​ពុទ្ធ ។

...

(ការ​ខំ​ប្រឹង​ប្រែង តែងតែមានផលច្រើន)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print