ភ្នំពេញ ៖ គួរឲ្យសង្វេគខ្លាំងណាស់ដែលស្ត្រី២នាក់ម្តាយមីងនិងក្មួយបានស្លាប់ក្នុងមួយប៉ប្រិចភ្នែកខណៈដែលកំពុងជិះម៉ូតូឌុបគ្នាឆ្លងផ្លូវស្រាប់តែមានរថយន្តកូរ៉េដឹកសុីម៉ងត៍មួយគ្រឿងបើកយ៉ាងលឿនមកបុកពីក្រោយ ហើយកិនពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ មុខសួនឧស្សាហកម្មវឌ្ឍនៈ២ ដែលស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អ្នកបើករថយន្តបង្កហេតុឈ្មោះ សារ៉ាន់រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
ចំណែកជនរងគ្រោះទី១-ឈ្មោះ ធន់ ស្រីពេជ្រ អាយុ១៧ឆ្នាំ ជាអ្នកឌុប (ស្លាប់) និងទី២-ឈ្មោះ ម៉ាក វណ្ណា អាយុ៥៨ឆ្នាំ ត្រូវជាម្តាយមីងជិះពីក្រោយ មានមុខរបរលក់ដូរស្នាក់នៅផ្សារទឹកថ្លាក្បែរកន្លែងកើតហេតុ (ស្លាប់)។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រី២ទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកBeat ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS- 5185 ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចកើតហេតុ ក៏បានបន្ថយល្បឿនបត់ឆ្វេងដើម្បីចូលទៅកន្លែងលក់ដូរ ដែលស្ថិតនៅក្នុងសួនឧស្សាហ៍កម្មវឌ្ឍនៈ២ ស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌សខៀវ ពាក់ស្លាកលេខ តាកែវ 3A-1246 ដឹកសុីម៉ងត៍បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតជាព្រូ ដែលធ្វើដំណើរស្របទិសគ្នាមកពីខាងក្រោយក្នុងល្បឿនលឿន ជ្រុលមកបុកម៉ូតូពេញទំហឹង ហើយកិនពីលើស្ត្រីទាំងពីរនាក់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្តព្យាយាមបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន រួចនាំខ្លួនអ្នកបើកបររូបនេះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង រង់ចាំដើម្បីចាត់ការតាមច្បាប់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្ករនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះក្រោយពេលសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តទឹកថ្លា៕
ដោយ៖និន សុភ័ស្