​ម្តាយ​រត់​តាម​ឪពុកចុង​ បោះបង់​កូនប្រុស​ពីរ​នាក់​ឲ្យ​ជ្រក​តាម​សំយាបផ្ទះ​អ្នក​ភូមិ​

ចែករំលែក៖

​ខេត្តព្រៃវែង៖​ ពិតជា​គួរ​ឲ្យ​ខ្លោចផ្សារ​ និង​អាណិតអាសូរ​ណាស់​ ដែល​ក្មេង​ប្រុស​ពីរ​នាក់​អាយុ​មិន​ដល់​១០​ឆ្នាំ​ផង​ ត្រូវ​ម្តាយ​ និង​ ឪពុកចុង​រត់​ចោល​ទៅ​រកស៊ី​នៅ​ខេត្ត​ឆ្ងាយ​ ទុក​ឲ្យ​ពួក​គេ​គ្មាន​ទីជម្រក​រស់នៅ​រងា​ដូច​សត្វ​ឥត​មេ​ ដើរ​ផ្ញើ​វាសនា​នឹង​អ្នកស្រុក​ អ្នក​ភូមិ​ តាម​រយៈ​សុំ​បាយកក​ បាយក្តាំង​ចម្អែត​តែ​មួយ​ក្រពះ​ប៉ុណ្ណោះ​ ។​

​នេះ​ជា​រឿង​ពិត​ ដែល​កើត​មាននៅ​ ភូមិ​បា​ប្រី​យ​ ឃុំ​ព្រែក​ចង្ក្រាន​ ស្រុក​ស៊ី​ធរ​កណ្តាល​ ខេត្តព្រៃវែង​ ហើយ​ត្រូវ​បណ្តាញ​សង្គម​ ហ្វេ​ស​ប៊ុ​ក​បង្ហោះ​ព្រោងព្រាត​ ព្រោះតែ​ចង់បាន​កម្លាំង​មនុស្សធម៌​ ជួយ​ក្មេង​អភ័ព្វ​ពីរ​នាក់​នេះ​រួច​ផុត​ពី​ភាព​វេទនា​ បាន​ទៅ​សិក្សា​រៀនសូត្រ​នឹង​គេ​ គ្រា​ដែល​ម្តាយ​និង​ ឪពុកចុង​ មិន​ដើរតួ​សំខាន់​ជា​អ្នក​មានគុណ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​ដល់ទី​បញ្ចប់​ សុខចិត្ត​រត់​ចោល​កូន​ទៅ​រកក្តី​ សុខ​តែ​ពីរ​នាក់​។​

​លោកគ្រូ​ ណេ​ង​ ជា​គ្រូបង្រៀន​ចូល​និវត្ត​មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ​បាន​ប្រាប់​នគរវត្ត​តាម​ទូរស័ព្ទ​ថា​ ពិតជា​មានរឿង​ដ៏​អភ័ព្វ​បែប​នេះ​កើត​មាននៅ​ភូមិ​លោក​មែន​ ហើយ​បច្ចុប្បន្ន​ក្មេង​ប្រុស​ទាំង​ពីរ​នាក់​នេះ​ កំពុង​ស្នាក់​នៅ​ជាមួយ​លោកគ្រូ​បណ្តោះអាសន្ន​ គ្រា​ដែល​លោក​កំពុង​ជរា​និង​មាន​ជីវភាព​ខ្វះខាត​ដែរ​នោះ​។​

​លោកគ្រូ​ណេ​ង​ មាន​ប្រសាសន៍​ថា​ ក្មេង​ប្រុស​ពីរ​នាក់​នេះ​ កូន​បង​មានឈ្មោះ​ សាន​ ឌី​ អាយុ​ ៩​ឆ្នាំ​ និង​កូន​ប្អូន​ឈ្មោះ​ សាន​ ប៊​យ​ អាយុ​ ៦​ឆ្នាំ​ ។​ ពួក​គេ​មាន​ឪពុក​ឈ្មោះ​ ប៊​ន​ អាយុ​ ៣៤​ ឆ្នាំ​ តែ​បាន​ស្លាប់​ចោល​ជាង​៤​ឆ្នាំ​មក​ហើយ​ និង​ម្តាយ​ឈ្មោះ​ គឹ​ម​ ឈាន​ អាយុ​ ២៨​ឆ្នាំ​ ជា​កសិករ​ រក​ព្រឹក​ខ្វះ​ល្ងាច​ រក​ល្ងាច​ខ្វះ​ព្រឹក​។​ ក្រោយមក​ម្តាយ​របស់​គេ​បាន​យកប្តី​មួយទៀត​ ឈ្មោះ​ លី​ន​ អាយុ​ ៣៣​ឆ្នាំ​ ជា​អ្នក​ទីទ័ល​ក្រ​ និង​រស់នៅ​ក្នុង​ខ្ទម​តូច​មួយ​ក្នុង​ ភូមិ​ឃុំ​ជាមួយ​គ្នា​ មាន​ជីវភាព​នៅ​តែ​យ៉ាប់​ដដែល​។​

​លោកគ្រូ​ណេ​ង​បន្ត​ថា​ ដោយសារ​តែ​ភាព​ក្រីក្រ​ ឈ្មោះ​លី​ន​ បាន​សុំ​ប្រពន្ធ​ទៅ​ធ្វើការ​ជា​កម្មករ​ សំណង់​នៅ​ក្រុងភ្នំពេញ​យូរ​ថ្ងៃខែ​មក​ហើយ​មិន​ដែល​ឃើញ​មក​ផ្ទះ​ទេ​ ហើយដោយ​សារ​បាត់​ប្តី​យូរ​ នាង​គឹ​ម​ ឈាន​ ជា​ម្តាយ​របស់​ក្មេង​ប្រុស​ទាំង​ពីរ​នេះ​ក៏​បាន​ចាក​ចេញពីផ្ទះ​ទៅ​ភ្នំពេញ​ស្វែងរក​ប្តី​ដោយ​មិន​បាន​ប្រាប់​អ្នក​ណាមួយ​ម៉ាត់​។​ មក​ដល់​ពេល​នេះ​ឮដំណឹង​ថា​នាង​និង​ប្តី​ក្រោយ​បាន​នាំ​គ្នា​ទៅ​ធ្វើ​កម្មករ​នៅ​ខេត្តបាត់ដំបង​ ហើយ​អាច​ឆ្លង​ទៅ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ​ផង​ក៏​មិនដឹង​ ។​ ការ​ចាក​ចេញពី​ភូមិ​នេះ​មាន​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ​ ដោយ​ទុក​កូន​តូច​ទាំង​ ពីរ​នាក់​ឲ្យ​រស់​កណ្តោចកណ្តែង​ឥត​មេបា​ជាមួយ​អ្នកស្រុក​ អ្នក​ភូមិ​ ដែល​ខ្លះ​គេ​អាណិត​ជួយ​ឲ្យ​បាយ​ទឹក​មួយ​ពេល​ និង​ខ្លះ​ទៀត​ឲ្យ​កន្លែងដេក​តាម​សំយាបផ្ទះ​ មើលទៅ​ពិបាក​ភ្នែក​ណាស់​ ទើប​លោកគ្រូ​យក​មក​នៅ​ ជាមួយ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ ។​

​លោកគ្រូ​ណេ​ង​ត្អូញត្អែរ​ថា​ ប្រសិនបើ​គាត់​មិន​ទាន់​ចូល​និវត្ត​មិន​បញ្ហា​ទេ​ តែ​នេះ​គាត់​ចាស់​ កូន​ក៏​ច្រើន​ ជីវភាព​គ្រួសារ​កាន់តែ​ខ្វះខាត​ថែម​ទៀត​ មិន​អាច​ផ្ចុងផ្តើម​ពួក​គេ​ឲ្យ​បាន​សិក្សា​រៀនសូត្រ​ឬ​ផ្គត់ផ្គង់​ដល់ទី​បញ្ចប់​បាន​ឡើយ​ ដូច្នេះ​លោកគ្រូ​សូម​អំពាវនាវ​ដល់​នាង​ជា​ម្តាយ​ និង​ឪពុកចុង​ក្មេង​ទាំង​ពីរ​វិល​មក​ផ្តល់​ភាព​កក់ក្តៅ​ឲ្យ​កូន​ឡើង​វិញ​ ។​ ជា​ពិសេស​ សូម​អំពាវនាវ​ដល់​សប្បុរសជន​ដែល​មានចិត្ត​មេត្តាករុណា​ មេត្តា​ជួយ​ស្រោចស្រង់​ក្មេង​អភ័ព្វ​ទាំង​ពីរ​នេះ​ឲ្យ​មាន​រស្មី​ផង​ បើ​ពុំ​ដូច្នោះ​ទេ​ ពួក​គេ​ពិតជា​គ្មាន​កោះ​ត្រើយ​និង​គ្មាន​អនាគត​ឡើយ​ ៕​

IMG_0217

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print