ប្រមុខដឹកនាំរបស់ណាតូនិងអឺរ៉ុប​ ស្នើឱ្យលោកបៃឌិន«សាងស្នេហ៍ឡើងវិញ»

ចែករំលែក៖

ក្រោយការបែកបាក់​ក្នុងរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីដូណាល់ត្រាំ ​នៅពេលនេះ​ប្រមុខសម្ព័ន្ធយោធាអន្តរទ្វីប ណាតូ ព្រមទាំង​ប្រមុខសហគមន៍អឺរ៉ុប​ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា បានអញ្ជើញ​ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិនកសាងទំនាក់ទំនងឡើងវិញ​។
អគ្គលេខាធិការណាតូ លោក Jens Stoltenberg និងប្រធានគណៈកម្មការសហគមន៍អឺរ៉ុប​លោក Charles Michel បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ​លោកបៃឌិន​ ដោយបានជូនពរពីជ័យជម្នះក្នុងការបោះឆ្នោត និងអញ្ជើញលោកបៃឌិនបំពេញទស្សនកិច្ចនៅទីស្នាក់ការណាតូ​ និងសហគមន៍អឺរ៉ុប ​នៅទីក្រុង Brussels នៃប្រទេសបែលហ្សុិក។
លោក​Jens Stoltenberg បានអរគុណលោកបៃឌិន​ដែលបានគាំទ្រ​ដល់ណាតូ និងបន្តធ្វើទំនាក់ទំនងគ្នាយ៉ាងល្អ​។ អង្គការណាតូ សង្ឃឹមថានឹងមានទំនាក់ទំនងល្អជាមួយអាមេរិក​ដូចកាលពីមុន។
ទំនាក់ទំនងរវាងអាមេរិក នឹងណាតូ​ប្រឈមមុខតានតឹងក្រោយពេល អាមេរិកកាត់បន្ថយការចំណាយ ហើយបង្ខំឲ្យប្រទេសជាសមាជិកត្រូវតែចំណាយប្រាក់ស្មើភាពគ្នា នៅក្នុងសម្ព័ន្ធយោធាមួយនេះ​។​​ ក្រៅពីនេះ រដ្ឋាភិបាលរបស់លោកត្រាំ ក៏បានដំឡើងពន្ធនាំចូលទំនិញពីអឺរ៉ុបផងដែរ​ដែលជាហេតុធ្វើឲ្យអឺរ៉ុបខឹងសម្បាយ៉ាងខ្លាំង ដោយសារតែអាមេរិកគិតតែពីផលប្រយោជន៍របស់ខ្លួន​។
ក្រោយលោកបៃឌិនជាប់ឆ្នោត អឺរ៉ុបនិងអាមេរិកដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ នឹងមានភាពល្អប្រសើរឡើងវិញ ដោយសារតែរដ្ឋាភិបាលថ្មីរបស់លោកបៃឌិន មានទស្សនៈនយោបាយបាយបើកទូលាយ មិនអាត្មានិយមដូចជាលោកត្រាំនោះឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print