កណ្ដាល៖ យុវជនសង្ស័យម្នាក់ ក្រោយពីលែងលះជាមួយប្រពន្ធរួច បានមកសុំស្នាក់នៅផ្ទះពលរដ្ឋដើម្បីស្នាក់នៅនិងធ្វើការជាបណ្ដោះអាសន្ន ដោយឃើញម៉ូតូរបស់ម្ចាស់ផ្ទះទុកនៅខាងមុខផ្ទះមានសោរជាប់នឹងម៉ូតូក៍ជិះយកទៅបាត់ លុះបានប្រហែល៧ខែក្រោយមក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចខាងកើតស្ពានព្រែកសំរោង ស្ថិតនៅក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលករណីនេះបានកើតឡើងកាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទីនៅចំណុចភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុក សៀកមួយ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ ។ ចំណែកជនសង្ស័យឈ្មោះ គូ ចាន់ទី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពដដែលបន្តថា កាលពីមុនពេលកើតហេតុ ជនសង្ស័យបានមកសុំផ្ទះជនរងគ្រោះស្នាក់នៅជាបណ្ដុះអាសន្ន ដើម្បីធ្វើការដូរយកបាយហូប ក្រោយពីជនសង្ស័យលែងលះជាមួយប្រពន្ធខ្លួន។ លុះមកដល់ថ្ងៃ ។លុះមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤ និង ០០នាទី ជនរងគ្រោះបានទុកម៉ូតូម៉ាក ហុងដាស្កុបពី (HONDA SCOOPY) នៅសំយ៉ាបមុខផ្ទះដោយមានជាប់សោរនៅនឹងម៉ូតូផង ខណៈនោះជនសង្ស័យក៏បានយកម៉ូតូរបស់ជនរងគ្រោះជិះទៅបាត់តែម្ដង បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្អាងភ្នំ ដើម្បីស្រាវជ្រាវចាប់ខ្លួន។ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៤០នាទី ឈ្មោះ សុខ សែ ត្រូវជាពូបង្កើតរបស់ជនរងគ្រោះបានប្រទះឃើញជនសង្ស័យ នៅចំណុចខាងកើតស្ពានព្រែកសំរោង ស្ថិតនៅក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្ដិ៍ព្រែកថ្មី ហើយបានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានឆ្លើយសារភាពថាខ្លួន ពិតជាបានយកម៉ូតូភិនភាគខាងលើពិតប្រាកដមែន ហើយខ្លួនបានយកទៅអោយឈ្មោះ ចាន់ ភេទប្រុស អាយុប្រហែល២៧ឆ្នាំ យកទៅដាក់បញ្ចាំនៅរាជធានីភ្នំពេញ ។ ហើយនៅពេលថ្មីៗនេះឈ្មោះ ចាន់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន ។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖ស្អាងជ័យ