បិសាចក្រហម Man United បំបាក់ក្រុមមកពីទួរគី Istanbul Basaksehir ៤-១ឡើងឈរលេខ១ក្នុងពូល

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានបង្ហាញទម្រង់លេងល្អក្នុងការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ UEFA Champion League កាលពីរំលងអធ្រាត្រថ្ងៃទី២៥ វិច្ឆិកានេះ ដោយបានយកឈ្នះក្រុមខ្លាំងមកពីទួរគី Istanbul Basaksehir ក្នុងលទ្ធផល ៤ទល់១។

ក្រុមបិសាចក្រហមបានគ្រប់គ្រងបាល់រហូតដល់៥២ភាគរយ និងស៊ុតបាល់ចំគោលដៅរហូតដល់៨ដង ខណៈដែលក្រុម Istanbul Basaksehirបានតែ៤ដងប៉ុណ្ណោះ។ នៅតង់ទី១ ក្រុមបិសាចក្រហម Manchester United មានឱកាសច្រើនក្នុងការរកគ្រាប់បាល់ ដោយនៅនាទីទី៧ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes រកបាន១គ្រាប់នាំមុខក្រុមភ្ញៀវ ហើយនៅនាទីទី១៩ កីឡាកររូបនេះរកបាន១គ្រាប់ទៀត។

ទោះបីជានាំមុខក្រុម Istanbul Basaksehir ២គ្រាប់ហើយក៏ដោយក៏ក្រុមម្ចាស់ផ្ទះ Man United នៅតែព្យាយាមរកគ្រាប់បាល់បន្ថែមទៀត។ នៅនាទីទី៣៥ ខ្សែការពារក្រុម Istanbul Basaksehir បង្កកំហុសនៅតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រ ដែលជាការស៊ុតបាល់ពិន័យដោយខ្សែប្រយុទ្ធ Rashford ធ្វើឲ្យចប់ការប្រកួតតង់ទី១ក្រុមម្ចាស់ផ្ទះបិសាចក្រហមនាំមុខក្រុមភ្ញៀវ Istanbul Basaksehir ៣ទល់០។

ចូលដល់តង់ទី២ ក្រុមទាំង២នៅតែមានឱកាសគ្រប់គ្រងបាល់ដូចគ្នា ប៉ុន្តែនៅតែមិនមានគ្រាប់បាល់ចូលទី ហើយចូលដល់នាទីទី៧៥ ខ្សែបម្រើ Türüç របស់ក្រុម Istanbul Basaksehir រកបាន១គ្រាប់សងវិញ។ ខណៈជិតចប់ម៉ោងទៅហើយនៅនាទីទី៩០+២ ខ្សែប្រយុទ្ធ Daniel James ដែលដូរចូលជំនួស Rashford រកបាន១គ្រាប់បន្ថែមទៀតឲ្យ Manchester United ធ្វើឲ្យចប់ការប្រកួតក្រុមបិសាចក្រហមឈ្នះក្រុមភ្ញៀវ Istanbul Basaksehir ក្នុងលទ្ធផល ៤ទល់១។

លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមបន្តឈរលេខ១ក្នុងពូលមាន៩ពិន្ទុ ដោយ៤ប្រកួតកន្លងទៅឈ្នះ៣ និងចាញ់១ ខណៈដែលក្រុម PSG ឡើងមកឈរលេខ២ក្នុងពូលមាន៦ពិន្ទុ ក្រោយពីយកឈ្នះក្រុម RB Leipzigកាលពីយប់មិញដែរ ៕

   

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print