សួនច្បារ និងស្ពានអាកាសថ្មើរជើងថ្មី នឹងលេចចេញជារូបរាង ដើម្បីលើកកំពស់សោភ័ណភាព ក្នុងក្រុងពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមុិញ បានចុះត្រួតពិនិត្យមើលការដ្ឋាន និងពន្លឿនការស្ថាបនា «សួនពោធិ៍សាត់» ដែលជាអតីតសួនច្បារ១៤មករា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមមួយចំនួនទៀត ដែលមានទីតាំងជាប់ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់ ប្រសព្វផ្លូវលេខ១០១ និងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន បានឱ្យដឹងថា ៖បន្ទាប់ពីខេត្តពោធិ៍សាត់ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទទួលរងឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ១៩នោះរួចមក ដល់ពេលដែលយើងត្រូវបន្តចាប់ដៃគ្នាអភិវឌ្ឍន៍ខេត្ត ឱ្យមានភាពស្រស់បំព្រង និងរីកចម្រើនបន្ថែមទៀតហើយ។ ជាក់ស្តែងដូចជា «សួនពោធិ៍សាត់» ដែលជាអតីតសួនច្បារ១៤មករា និងស្ពានអាកាសថ្មើរជើងថ្មី ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ពីលើសមិទ្ធផល ដែលបានធ្វើរួច ដូចជាសួនច្បារផ្លូវលេខ១០១ ទល់មុខសាលាខេត្ត អគាររដ្ឋបាលសាលាខេត្ត ភ្លើងស្តុប ផ្លូវកៅស៊ូភូមិចំការចេក ភ្លើងបំភ្លឺផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ដំបូលផ្សារថ្មី ទំនប់បង្ហៀរក្បាលហុង ។ល។ ឯកឧត្តមបានបន្ថែមថា សួនច្បារនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តពោធិ៍សាត់បានមួយកម្រិតផងដែរ។

លោកបានឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២១ខាងមុខ ឯកឧត្តមមានគម្រោងរៀបចំ ច្រាំង និងសួនច្បារនៅផ្នែកខាងកើតស្ទឹងបន្ថែមទៀត ដែលទាំងនេះយើងធ្វើបាន គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងដដែលនោះ លោកបានបន្តពិនិត្យមើលទីតាំងស្ថាបនាស្ពានអាកាសថ្មើរជើងថ្មី ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារមន្ទីរខេត្តពោធិ៍សាត់ ដែលនឹងចាប់ផ្ដើមអនុវត្តគម្រោងនៅអំឡុងខែធ្នូ ឆ្នាំ២០២០ឆាប់ៗខាងមុខ។

គួរបញ្ជាក់ផងដែរថា ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ពិនិត្យ និងអនុម័តស្ថាបនា ក្នុងកិច្ចប្រជុំលើកទី១២ ឆ្នាំទី១ អាណត្តិទី៣ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ នៅវេទិកាសាលាខេត្តពោធិ៍សាត់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ និងដើម្បីសម្រួលដល់ការធ្វើដំណើរ របស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print