Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន១៥៣នាក់ ដែលពិធីសំណេះសំណាលនេះធ្វេីឡើងនៅវិមានសន្តិភាព។

លោក គី តិច ជាប្រធានមេធាវីសម្តេចតេជោ បានអោយដឹងថា ចាប់តាំងពីបង្កើតឡើង «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ ដើម្បីសម្រួលដល់ការទាក់ទងរបស់ស្ត្រីមានបញ្ហា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានប្រកាសបង្ហាញលេខទូរស័ព្ទជាសាធារណៈផងដែរ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានផ្តល់ការពិគ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី។ ក្នុងនោះសំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីមោទនភាព និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពកន្លងមក របស់ក្រុមមរធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានចូលរួមចំណែកក្នុងការជួយដល់ពលរដ្ឋ ជាពិសេសស្ត្រីក្រីក្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកពីការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ដែលកាលពីថ្ងៃទី២៣វិច្ឆិកា កន្លងទៅនេះយើងបានបញ្ចប់រួចរាល់ហើយតាមបណ្តាខេត្តមួយចំនួននោះ។ សម្តេចតេជោ ក៏សូមអរគុណចំពោះការចូលរួមរបស់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍៣វិច្ឆិកាទាំងអស់ ដែលបានចូលរួមធ្វើចាត្ថាឡីស័កគ្រប់ៗគ្នា ហើយសម្តេចតេជោ ក៏បន្តអំពាវនាវឱ្យគោរពវិធានការការពារជំងឺកូវីដ១៩ និងត្រូវរស់តាមគន្លងកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនខ្វល់ការរិះគន់សម្តេចផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ។ សម្តេចតេជោ បានថ្លែងថា នេះជាការចូលរួមជួយដល់មនុស្សជាតិ និងប្រទេសជាមិត្ត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏ត្រៀមលក្ខណៈផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសទីម័រខាងកើតផងដែរ។ កម្ពុជាមិនមែនធ្វើមនុស្សធម៌ត្រឹមម៉ាស់ និងបរិក្ខារពេទ្យនោះទេ តែកម្ពុជាបានធ្វើសកម្មភាពមនុស្សធម៌ទាំងសាច់ និងឈាម តាមរយៈបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។ កម្ពុជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំ មិនតូចនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរចំពោះមេធាវីរបស់រាជរដ្ឋាភិបាល ដែលខិតខំបំពេញការងារ និងឯកភាពទទួលសំណើរឿងបង្កើតឱ្យមានលិខិតបទដ្ឋានចាត់តាំងឱ្យបានត្រឹមត្រូវចំពោះមេធាវីរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មិនត្រឹមតែជួយការពារក្តីនោះទេ តែក៏បានប្រើថវិកាផ្ទាល់ខ្លួនសម្រាប់បេសកកម្មរបស់ខ្លួនថែមទៀតផង។ សម្តេចតេជោបានស្នើឱ្យក្រុមមេធាវីជួយបង្កើនការយល់ដឹងផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ ការបង្កើតក្រុមមេធាវីនេះ អាចចាត់ទុកជាការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឆ្នាំនេះយើងឆ្លងកាត់ការលំបាកជាច្រើន ទាំងកូវីដ១៩ ទាំងទឹកជំនន់ និងព្រឹត្តិការណ៍៣វិច្ឆិកា ដែលធ្វើអោយសេដ្ឋកិច្ចយើងជួបនូវភាពអវិជ្ជមាន តែទំហំនៃការនាំចេញរបស់យើងាកឺមានការ
កើនឡើង ១៨%។ សម្តេចតេជោបានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ យើងត្រូវខិតខំបន្ថែមទៀត ដើម្បីសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់ប្រទេសយើងនាពេលខាងមុខ។

នៅក្នុងពិធីសំណេះសំណាលនេះផងដែរ ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមមេធាវីសម្តេចតេជោសែននោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវការដូរលើកទឹកចិត្តដល់ក្រុមមេធាវីសម្តេចតេជោដែលបានចូលរួមនាថ្ងៃនេះចំនួន១៥៣នាក់ដោយក្នុងម្នាក់ទទួលបាន ប្រាក់ស្លឹងបុរាណម្នាក់១ IPad 128G ១ និង ថវិកា២០ម៉ឺនរៀលផងដែរ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print