ខេត្តបាត់ដំបង៖ លោកអនុសេនីយ៍ឯក យ៉ុង សម្បត្តិ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយចេក (ហៅចំណុចចាន់គិរី) ឋិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៥ ខែវិច្ឆកា ឆ្នាំ២០២០នេះថា កន្លងមកនេះមានព័ត៌មានមួយបានអះអាងថាកម្លាំងរបស់លោកមានការឃុបឃិតលួចលាក់នាំចេញពលករខ្មែរ និងទំនិញគេចពន្ធ ឬបទល្មើសផ្សេងៗជាច្រើនឆ្លងកាត់ជាការផ្គើននឹងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ពីប្រទេសជិតខាង។ ជុំវិញព័ត៌មានក្លែងក្លាយនេះលោកសូមបដិសេធទាំងស្រុង ព្រោះកន្លងមកកម្លាំងឈរជើងទាំងអស់មិនដែលធ្វើល្អៀងបំពាននឹងបទបញ្ជារបស់ថ្នាក់លើឡើយ ផ្ទុយទៅវិញមានតែខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចឱ្យទទួលបានជោគជ័យប៉ុណ្ណោះ។
ទីតាំងឈរជើងក្នុងភូមិសាស្ត្រខាងលើនេះជាទីតាំងមួយដែលអនុញ្ញាតឱ្យមានការពិនិត្យ ធ្វើចត្តាឡីស័កពលករខ្មែរដែលចេញមកពីប្រទេសថៃ ហើយមានកម្លាំងចម្រុះជាច្រើនចូលរួមសហការដូចជា អាជ្ញាធរស្រុក កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីសុខាភិបាលមួយចំនួនទៀតបានបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ប៉ុន្តែចំណុចចាន់គីរីខាងលើកន្លងមកមានតែការអនុគ្រោះឱ្យពលរដ្ឋជាប់តំបន់ព្រំដែនមួយចំនួនតូចប៉ុណ្ណោះចេញ ចូលដើម្បីទិញម្ហូប ស្បៀងអាហារតិចតួចដោយមិនបានយកលុយពីពួកគាត់ឡើយ៕ ស សារ៉េត